ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៦
មន្ទីរបញ្ចកោណនិយាយកាលពីថ្ងៃពុធថាការវាយប្រហារតាមអាកាសធ្វើឡើងដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យកន្លងទៅនេះគឺកំណត់គោលដៅមកលើមេដឹកនាំជាន់ខ្ពស់របស់ក្រុមអាល់កៃដា២នាក់ក្នុងប្រទេសនេះ។ ប្រភពបន្តថាយោធាសហរដ្ឋអាមេរិកកំពុងវាយតម្លៃពីលទ្ធផលនៃការវាយប្រហារគោលដៅមកលើមេដឹកនាំទាំង២ដែលស្ថិតនៅទីតាំងបញ្ជារ និងត្រួតពិនិត្យមួយកន្លែងក្នុងតំបន់ដាច់ស្រយាលនៃខេត្ត Kunar។ មន្ត្រីសហរដ្ឋអាមេរិកនិយាយថានេះជាការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើក។ គួរបញ្ជាក់ផងដែរថាមេដឹកនាំទាំង២នាក់នេះរួមមានលោក Faruq Al-Qatani បម្រើការជាមេដឹកនាំក្រុមអាល់កៃដាប្រចាំភាគឦសានប្រទេសអាហ្វហ្គានីស្ថាន គាត់គឺជាអ្នករៀបចំផែនការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក និងមានប្រវត្តិដឹកនាំក្នុងការវាយប្រហារមកលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកងកម្លាំងនៃក្រុមចម្រុះ។ មេដឹកនាំម្នាក់ទៀតឈ្មោះ Bilal Al-Utabi ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើតទីជម្រកសុវត្ថិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងទទួលបន្ទុកជាអ្នកជ្រើសរើស និងបណ្តុះបណ្តាលយុទ្ធជនបរទេស៕