ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦
ជនស៊ីវិល១២នាក់ស្លាប់បន្ទាប់ពីពួកគេបានប៉ះទង្គិចដោយការវាយប្រហារតាមអាកាសដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតខណៈដែលពួកគេកំពុងជិះនៅក្នុងរថយន្តដឹកទំនិញមួយនៅភាគពាយព្យប្រទេសយេម៉ែន។ មានគេរាយការណ៍ថាអ្នកដំណើរទាំងនោះធ្វើដំណើរទៅផ្សារក្នុងស្រុកមួយនៅតំបន់ Hiran ភាគពាយព្យនៃខេត្ត Hajja កាលពីថ្ងៃពុធនៅពេលដែលពួកគេរងការវាយប្រហារ។ តំបន់នេះគ្រប់គ្រងដោយចលនា Houthis។ កន្លងមកក្រុមចម្រុះអះអាងថាមិនបានកំណត់គោលដៅជនស៊ីវិលទេ ថ្វីបើមានការចោទប្រកាន់ជាច្រើន និងរបាយការណ៍ជំទាស់ក៏ដោយ។ អង្គការសហប្រជាជាតិប្រកាសនៅក្នុងខែសីហាដែរថាការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតត្រូវទទួលខុសត្រូវចំពោះជនស៊ីវិលដែលស្លាប់នៅក្នុងជម្លោះរបស់ប្រទេសនេះ និងអំពាវនាវឲ្យអន្តរជាតិស៊ើបអង្កេតនៅកន្លែងកើតហេតុ។ រហូតដល់ពេលនេះមានអ្នកស្លាប់១០,០០០នាក់ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមរួមទាំងជនស៊ីវិល៣,៨០០នាក់ នេះបើយោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ៕