ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៦
ការគ្រប់គ្រងក្រុងបុរាណ Palmyra នៅស៊ីរីកំពុងតែដណ្តើមគ្នាទៅវិញទៅមករវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម IS។ សកម្មជនក្រុមឧទ្ទាមនិយាយថាពួកគេនឹងគ្រប់គ្រងទីក្រុងនេះឡើងវិញបើទោះបីជាមានការគម្រាមកំហែងពីកងកម្លាំងរុស្ស៊ីតាមអាកាសក៏ដោយ។ ប្រទេសស៊ីរីបញ្ចូនកម្លាំងបន្ថែមទៅទីក្រុងនេះដោយមានប្រភពរាយការណ៍ថាស៊ីរីបង្វែរទ័ពចេញពីក្រុងអាល្លេប៉ូ។ អ្នកតាមដានសង្គ្រាមស៊ីរីមានមូលដ្ឋាននៅចក្រភពអង់គ្លេសនិយាយកាលពីព្រឹកថ្ងៃអាទិត្យថាការរៀបចំទម្លាក់គ្រាប់បែករបស់រុស្ស៊ីពិតជាខ្លាំងព្រោះអាចបង្ខំឲ្យក្រុម IS ចាកចេញពីទីក្រុងទៅនៅតាមជាយក្រុងបាន។ តែក្រោយមកមានសេចក្តីរាយការណ៍ថាពួកសកម្មប្រយុទ្ធបានប្រយុទ្ធគ្នាសារជាថ្មីម្តងទៀតដែលវិធីរបស់ពួកគេគឺធ្វើយ៉ាងណាសម្រុកចូលទៅក្នុងក្រុងឲ្យបានដើម្បីវាយប្រហារបង្ខំឱ្យកងកម្លាំងរដ្ឋាភិបាលដកថយទៅភាគខាងត្បូង។ ក្រុងម៉ូស្គូនិយាយថាកងទ័ពស៊ីរីវាយបកដោយមានការគាំទ្រពេញទំហឹងពីកងកម្លាំងអាកាសរបស់ខ្លួន។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថាខ្លួនបានវាយប្រហារលើកទី៦៤ និងអះអាងថាបានសម្លាប់ពួកសកម្មប្រយុទ្ធឧទ្ទាមប្រមាណជា៣០០នាក់។ របាយការណ៍មួយទៀតបានឱ្យដឹងថាពួកសកម្មប្រយុទ្ធ IS ស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតដោយប្រើរថយន្ត និងដោយសារត្រូវគ្រាប់កាំភ្លើង។ សម្រាប់ក្រុងបុរាណ Palmyra គេមើលឃើញថាជាតំបន់យុទ្ធសាស្រ្តដោយសារតែវាស្ថិតនៅជិតវាលប្រេង៕