ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៦
យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់សហរដ្ឋអាមេរិកដែលបានវាយប្រហារនៅក្នុងប្រទេសស៊ីរីកាលពីសប្តាហ៍មុនបានបាញ់សម្លាប់ពួកសកម្មប្រយុទ្ឋក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ២នាក់ដែលជាប់ពាក់ពន្ឋ័ទៅនឹងការវាយប្រហារក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ កន្លងមកដែលមានមនុស្សស្លាប់ចំនួន១៣០នាក់ នេះបើយោងតាមប្រភពព័ត៌មានពីមន្ទីបញ្ចកោណ។ យោធាសហរដ្ឋអាមេរិកឲ្យដឹងថាការវាយប្រហារនេះធ្វើឡើងនៅថ្ងៃទី ០៤ ខែ ធ្នូ ក្នុងទីក្រុង Raqqa ប្រទេសស៊ីរី។ សកម្មប្រយុទ្ធទាំង២របស់ក្រុមរដ្ឋអ៊ីស្លាមមានឈ្មោះលោក Salah Gourmat និង Sammy Djedou ដែលជនទាំង២នាក់មានជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារដោយកាំភ្លើងយន្ត និងគ្រាប់បែកអត្តឃាតមកលើសាលតន្ត្រី Bataclan និងភោជនីយដ្ឋាន និងបារក្នុងទីក្រុងប៉ារីស និងកីឡាដ្ឋានបាល់ទាត់ Stade de France។ គួរបញ្ជាក់ផងដែរថាពួកសកម្មប្រយុទ្ឋទាំងនេះស្លាប់នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកធ្វើការវាយប្រហារមកលើរថយន្តរបស់ពួកគេ៕