ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៦
កងកម្លាំងសន្តិសុខប្រទេសហ្សកដានី៤នាក់ត្រូវគេបាញ់សម្លាប់នៅជិតក្រុង Karak នេះបើយោងតាមប្រភពរាយការណ៍ពីបណ្តាញព័ត៌មានរបស់រដ្ឋ។ យោងតាមប្រភពព័ត៌មានពីកងកម្លាំងសន្តិសុខបានប្រាប់ភ្នាក់ងារសារព័ត៌មានផ្លូវការណ៍ Petra ថាការបាញ់នេះពុំមានជាប់ពាក់ព័ន្ធជាមួយករណីមួយទៀតស្តីពីការបាញ់សម្លាប់មនុស្ស១០នាក់នៅក្នុងទីក្រុង Karak នោះទេ។ យោងតាមប្រភពសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ៍តាមរយៈបណ្តាញការផ្ញើសារកម្មវិធីតេឡេក្រាមបានឲ្យដឹងថាការបាញ់លើកងកម្លាំងសន្តិសុខទាំង៤នាក់នេះជាគោលដៅដែលគេគ្រោងទុកដើម្បីសម្លាប់ជនជាតិហ្សកដានីជាកងកម្លាំងសន្តិសុខ និងកងកម្លាំងក្រុមចំរុះដឹកនាំដោយអាមេរិចប្រឆាំងនឹងក្រុមឧទ្ទាមនៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ក្រោយមកក្រុមឧទ្ទាម IS បានចេញមុខអះអាងថាខ្លួនជាអ្នកនៅពីក្រោយរឿងនៃការបាញ់សម្លាប់នេះ៕