ការផ្ទុះមួយកើតឡើងនៅអាគាររបស់ក្រុមគ្រឹស្តសាសនិកនៅទីក្រុង Canberra

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៦

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថារថយន្តមួយដែលដឹកធុងឧស្ម័នហ្គាសជាច្រើនបើកចូលទៅក្នុងទីស្នាក់ការកណ្តាលនៃក្រុមអ្នកកាន់សាសនាគ្រឹស្តនៅក្នុងរដ្ឋធានី Canberra ដែលជាទីក្រុងមួយរបស់ប្រទេសអូស្ត្រាលីដែលបណ្តាលឱ្យផ្ទុះឡើង។ លោក Lyle Shelton នាយកគ្រប់គ្រងនៃក្រុមអ្នកកាន់សាសនាគ្រឹស្តក្នុងប្រទេសអូស្រ្តាលីបានបង្ហោះរូបថតនៃការផ្ទុះចេញពីឡានមួយនេះដែលឆាបឆេះអស់រលីង ហើយលោកនិយាយថាគ្មានបុគ្គលិកណាម្នាក់រងរបួសនោះទេ។ គាត់បង្ហោះនៅលើបណ្តាញសង្គម Twitter ថា “រថយន្តមួយបានបើកចូលមកកាន់ការិយាល័យរបស់យើងនៅក្នុងទីក្រុង Canberra ហើយក៏បានផ្ទុះឡើង ប៉ុន្តែបុគ្គលិកទាំងអស់គឺមានសុវត្ថិភាព។ ខ្ញុំមិនដឹងពីស្ថានភាពរបស់អ្នកបើកបរយ៉ាងម៉េចនោះទេ”។ បើយោងតាម news.com.au បញ្ជាក់ថាបុរសម្នាក់ពិតជាបើកឡាននេះចូលមកកាន់អាគាររបស់ក្រុមអ្នកកាន់សាសនាគ្រឹស្តនេះពិតមែន។ ការផ្ទុះនេះបានបំផ្លាញរថយន្តទាំងមូល និងបង្ករការខូចខាតនៅត្រង់បង្អួចនៃអគារការិយាល័យនេះ។ គួរបញ្ជាក់ផងដែរថានៅក្នុងប្រទេសអូស្ត្រាលីថ្មីៗនេះវាមានយុទ្ធនាការប្រឆាំងតវ៉ាទៅនឹងអាពាហ៍ពិពាហ៍ភេទដូចគ្នាផងដែរ ហើយប៉ូលីសមិនទាន់អាចធ្វើសេចក្តីអត្ថាធិប្បាយបានទេនៅពេលនេះ៕