ផែនការវាយប្រហារភេរវកម្មនៅថ្ងៃបុណ្យណូអែលនៅក្នុងប្រទេសអូស្រា្តលីត្រូវបំផ្លាញចោលដោយជោគជ័យ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦

មន្ត្រីប៉ូលិសនិយាយនៅថ្ងៃសុក្រនេះថាផែនការដ៏ “សំខាន់” មួយរបស់ក្រុមរដ្ឋអ៊ីស្លាមដែលគ្រោងកំណត់គោលដៅវាយប្រហារភេរវកម្មនៅថ្ងៃបុណ្យណូអែលចំកណ្តាលទីក្រុងមែលប៊ន (Melbourne) ត្រូវបំផ្លាញចោលដោយជោគជ័យបន្ទាប់ពីមានការចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងការវាយឆ្មក់នៅទូទាំងទីក្រុងនេះទាំងមូល។ ប្រធានស្នងការប៉ូលិសលោក Graham Ashton បានចោទប្រកាន់ថាម​នុស្សដែលត្រូវឃុំខ្លួនមានគម្រោងប្រើប្រាស់គ្រាប់រំសេវផ្ទុះ កាំបិត និងកាំភ្លើងជាច្រើនដើម្បីវាយប្រហារទីតាំងអាជីវកម្មជាច្រើនកន្លែងរួមទាំងស្ថានីយរថភ្លើង Finders Street ក្នុងទីក្រុងមែលប៊ន Federation Square និងវិហារកូតូលិកនៅលើ St’s Paul ។ លោកបានប្រាប់នៅក្នុងសន្និសីទកាសែតមួយថា “ក្នុងរយៈពេលជាងពីរសប្តាហ៍ចុងក្រោយនេះ យើងបានស៊ើបអង្កេតព្រហ្មទណ្ឌមួយដែលទាក់ទងទៅនឹងការបង្កើតអ្វីដែលយើងជឿជាក់ថាជាផែនការភេរវកម្ម។ យើងជឿថាវាមានបំណងធ្វើអ្វីដែលយើងហៅថាជាការវាយប្រហារជាច្រើនកន្លែង (Multi-Mode) ដែលគ្រោងធ្វើនៅថ្ងៃបុណ្យណូអែល។ ការវាយប្រហារមួយនេះគឺជាគម្រោងផែនការដែលរៀបចំរួចជាស្រេចដែលយើងជឿជាក់ថាវាអាចនឹងមានការបំផ្ទុះគ្រាប់បែកមួយដោយប្រើប្រាស់គ្រាប់រំសេវគ្រឿងផ្ទុះជាច្រើន ហើយយើងនឹងប្រមូលភស្តុតាងដែលពាក់ព័ន្ធក្នុងរឿងនេះ”។ បុរស៦នាក់ និងស្ត្រីម្នាក់ត្រូវចាប់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ ហើយមនុស្ស៥នាក់កំពុងតែស្ថិតនៅក្រោមការឃុំឃាំង។ លោក Ashton និយាយថាមនុស្ស៤នាក់កើតនៅប្រទេសអូស្រ្តាលីដែលមានប្រវត្តិពាក់ព័ន្ធនឹងក្រុមតាលីបង់ ហើយអ្នកទី៥ មានសញ្ជាត្តិអូស្រ្តាលីអេហ្ស៊ីប។ មនុស្សទាំង៥នាក់នេះសុទ្ធតែមានអាយុប្រមាណជា២០ឆ្នាំតែប៉ុណ្ណោះ៕