ប្រទេសឥណ្ឌូនេស៊ីពង្រឹងសន្តិសុខសុវត្ថិភាពក្រោយពេលបំផ្លាញផែនការវាយប្រហារភេរវកម្មថ្ងៃបុណ្យណូអែល

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៦

បន្ទាប់ពីប៉ូលីសបានបំផ្លាញផែនការការវាយប្រហារភេរវកម្មរបស់ក្រុមសកម្មប្រយុទ្ធមួយថ្ងៃ មន្ត្រីប៉ូលីសប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសពីផែនការគម្រោងជាច្រើនដែលដាក់ពង្រាយកងកម្លាំងដល់ទៅ១៥៥,០០០នាក់នៅក្នុងប្រទេសក្នុងពេលពិធីបុណ្យណូអែល និងចូលឆ្នាំថ្មីដែលជាថ្ងៃឈប់សម្រាក។ កាលពីថ្ងៃពុធមន្រ្តីប៉ូលិសបំផ្លាញគម្រោងផែនការរបស់ក្រុមរដ្ឋអ៊ីស្លាមដែលមានគម្រោងក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងពិធីបុណ្យណូអែលក្រោយពីពួកគេរកឃើញគ្រាប់បែកជាច្រើននៅក្នុងផ្ទះមួយនៅជាយក្រុងហ្សាការតា ហើយប៉ូលិសបានបាញ់សម្លាប់ពួកសកម្មប្រយុទ្ធចំនួន៣នាក់ដែលគេសង្ស័យថាជាប់ពាក់ព័ន្ធនៅក្នុងដំណើរការនេះ។ បន្ទាប់ពីការវាយឆ្មក់នេះ លោក Tito Karnavian ប្រធានប៉ូលិសថ្នាក់ជាតិបានឱ្យដឹងថាសន្តិសុខសុវត្ថិភាពត្រូវតែបង្កើននៅឯព្រះវិហារ កន្លែងកម្សាន្ត និងកន្លែងជួបជុំជាសាធារណៈក្នុងពេលប្រារព្ធពិធីបុណ្យណូអែល និងចូលឆ្នាំថ្មីនៅទូទាំងប្រជុំកោះធំនេះ។ ការដាក់ពង្រាយកងកម្លាំងសន្តិសុខសុវត្ថិភាពដ៏ធំនៅចុងឆ្នាំនេះប្រៀបបីដូចជាការធ្វើលំហាត់ប្រាណ (Annual Exercise ) ប្រចាំឆ្នាំសម្រាប់មន្រ្តីប៉ូលិសនៅក្នុងប្រទេសដែលមានជនជាតិម៉ូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោក។ គួរបញ្ជាក់ផងដែរថាពួកសកម្មប្រយុទ្ធដែលគេសម្លាប់កាលពីថ្ងៃពុធនេះមានផែនការក្នុងការចាក់សម្លាប់មន្ត្រីនៅប៉ុស្តិ៍ស្ថានីយ៍ និងមានគម្រោងបើកការវាយប្រហារគ្រាប់បែកអត្តឃាតនៅថ្ងៃឈប់សម្រាកនៃពិធីបុណ្យណូអែលនេះ។ ជនសង្ស័យដែលជាពួកសកម្មប្រយុទ្ធ៤នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនផងដែរក្នុងការវាយឆ្មក់ដោយឡែកពីគ្នានៅលើកោះស៊ូម៉ាត្រា និងកោះ Java ក្នុងថ្ងៃដដែល៕