បង់ក្លាដែសចាប់ខ្លួនពួកសកម្មប្រយុទ្ធ៥នាក់ដែលជាប់ការសង្ស័យថារៀបគម្រោងវាយប្រហារនៅថ្ងៃឆ្លងឆ្នាំ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៦

ប្រធានប៉ូលិសប្រឆាំងភេរវកម្មបញ្ជាក់កាលពីថ្ងៃពុធថាប៉ូលិសក្នុងប្រទេសបង់ក្លាដែសចាប់ខ្លួនពួកសកម្មប្រយុទ្ធ៥នាក់ដែលសង្ស័យថាមានគម្រោងរៀបចំផែនការវាយប្រហារនៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ។ ជនសង្ស័យទាំង៥នាក់ដែលគេជឿជាក់ថាជាសមាជិករបស់ក្រុម Jamaat-ul-Mujahideen Bangladesh (JMB) ដែលគេធ្លាប់ចោទថាជាអ្នកវាយប្រហារទៅលើហាងកាហ្វេមួយកន្លែងក្នុងទីក្រុងដាកាកាលពីខែកក្កដាដែលសម្លាប់មនុស្ស២២នាក់ដែលភាគច្រើនជាជនជាតិបរទេស។ លោក Monirul Islam ប្រធានប៉ូលិសប្រឆាំងភេរវកម្មបាននិយាយក្នុងសន្និសីទកាសែតថាក្រុមសកម្មប្រយុទ្ធនេះមានគម្រោងវាយប្រហារនៅថ្ងៃឆ្លងឆ្នាំថ្មីខាងមុខនេះ។ លោក Monirul មិនបានបញ្ជាក់ពីគម្រោងរបស់ក្រុមសកម្មប្រយុទ្ធនេះទេ តែលោកគ្រាន់តែបញ្ជាក់ថាប៉ូលិសបានរឹបអូសយកបានគ្រាប់រំសេវផ្ទុះជាង៦០គីឡូក្រាម។ ជនសង្ស័យទាំង៥នាក់នេះត្រូវឃុំខ្លួនបន្ទាប់ពីការវាយឆ្មក់ពេញមួយយប់ក្នុងទីក្រុងនេះ។ ពួកគេទាំង៥នាក់នេះក៏ត្រូវបង្ហាញមុខជាសាធារណៈដែរ ប៉ុន្តែពួកគេមិនបាននិយាយអ្វីទៅកាន់អ្នកកាសែតនោះទេ។ អាជ្ញាធរបានហាមឃាត់មិនឱ្យមានការប្រមូលផ្តុំណាមួយនៅក្នុងទីក្រុងដាកាចាប់ពីព្រលប់ថ្ងៃទី ៣១ ខែធ្នូរហូតដល់ព្រលឹមថ្ងៃទី ១ ខែមករា ចំណែកឯសន្តិសុខក៏ត្រូវពង្រឹងផងដែរ។ ការវាយប្រហារដោយពួកសកម្មប្រយុទ្ធបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសបង់ក្លាដែសដែលមានប្រជាជនសរុបចំនួន១៦០លាននាក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកនិពន្ធដែលលេចធ្លោ និងសមាជិកជាច្រើនរបស់ជនជាតិភាគតិចខាងសាសនាក៏ត្រូវគេសម្លាប់ជាបន្តបន្ទាប់ផងដែរ។ គួរបញ្ជាក់ផងដែរថាប៉ូលិសបានសម្លាប់ពួកសកម្មប្រយុទ្ធប្រមាណជា៤០នាក់ដោយជាប់សង្ស័យក្នុងការវាយឆ្មក់ជាច្រើនដងចាប់តាំងពីការវាយប្រហារហាងកាហ្វេមួយនៅក្នុងទីក្រុងដាកាមកម្លេះ៕