ឃាតករស៊ីឈ្នួលម្នាក់ទម្លាយអាថ៌កំបាំងពីការគេចខ្លួនពីឃាតកម្មក្នុងសង្គ្រាមប្រយុទ្ធគ្រឿងញៀនរបស់លោក Duterte

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៧

‘Michael’ (ឈ្មោះក្លែងក្លាយ) គឺជាឃាតករស៊ីឈ្នួលដែលចូលរួមនៅក្នុងយុទ្ធនាការសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte។ វាប្រហែលជារឿងចម្លែកដែលសង្គ្រាមប្រឆាំងគ្រឿងញៀនបានផ្តល់ផលប្រយោជន៍សម្រាប់ក្រុមឃាតករស៊ីឈ្នួលទាំងនេះក្នុងការរួចទោសពីការសម្លាប់មនុស្ស ហើយបញ្ជាក់ដោយឥតភស្តុតាងថាក្រុមឃាតករនេះរួមដៃជាមួយក្រុមប៉ូលិស។ Michael ប្រាប់ទៅកាន់កម្មវិធីស៊ើបអង្កេត Get Rea ថាគាត់បានសម្លាប់មនុស្ស៤នាក់នៅក្នុងរយៈពេល៥ខែនេះហើយគាត់ត្រូវគេបញ្ជាឱ្យសម្លាប់មនុស្ស៧នាក់ផ្សេងទៀត។ បទសម្ភាសន៍នេះនឹងចាក់ផ្សាយនៅថ្ងៃទី ៣ ខែមករាស្អែកនេះ។ ឃាតករ Michael និយាយថា “ចៅហ្វាយរបស់ខ្ញុំចង់ឱ្យខ្ញុំសម្លាប់ឈ្មួញថ្នាំញៀនតូចៗជាច្រើននាក់ចោល។ ប្រសិនបើយើងមិនសម្លាប់ក្រុមឈ្មួញទាំងនេះទេ ពួកគេនឹងទម្លាយព័ត៌មានសម្ងាត់របស់ក្រុមអង្គការរបស់យើងជាក់ជាមិនខាន”។ ក្នុងបញ្ជីអ្នកដែលត្រូវសម្លាប់របស់គាត់ក៏មានមនុស្សដែលមិនពាក់ព័ន្ធទៅនឹងថ្នាំញៀនផងដែរ។ បើយោងតាម Michael បានឱ្យដឹងថាក្រុមហ៊ុនឬបុគ្គលជាដៃគូប្រកួតប្រជែងត្រូវបានកំណត់ជាគោលដៅ។ Michael និយាយថា “វាពិតជាងាយស្រួលមែនទែន ខ្ញុំគ្រាន់តែបោះកញ្ចប់ថ្នាំឬកាំភ្លើង។ បន្ទាប់មកវាគ្មានការស៊ើបអង្កេតទៀតនោះទេព្រោះពួកគេត្រូវបានសម្លាប់ហើយ”។ ចាប់តាំងពីការចូលកាន់អំណាចនៅក្នុងខែមិថុនា ឆ្នាំ២០១៦ លោកប្រធានាធិបតី Duterte បានប្រើប្រាស់យុទ្ធសាស្រ្តដៃដែកក្នុងការប្រឆាំងទៅនឹងសង្គ្រាមថ្នាំញៀន។ ប៉ូលិសថ្នាក់ជាតិរបស់ប្រទេសហ្វីលីពីន (PNP) បាននិយាយថារហូតមកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦​ នេះជនរងគ្រោះចំនួន៤,០៤៩នាក់ត្រូវបានសម្លាប់ ហើយក្នុងនោះមនុស្ស៣,៧១៧នាក់មិនទាន់មានការពន្យល់ពីមូលហេតុនៃការបាញ់សម្លាប់នេះបានទេ។ វាមានតែ៥០០ករណីប៉ុណ្ណោះដែលជនសង្ស័យទាំងនោះត្រូវគេចាប់ខ្លួនបាន៕