ម៉ាឡេស៊ីឃុំខ្លួនអ្នកគាំទ្រក្រុមរដ្ឋអ៊ីស្លាមដែលសង្ស័យថាមានគម្រោងក្នុងការវាយប្រហារទៅលើប្រទេសមីយ៉ាន់ម៉ា

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៧

មន្ត្រីកំពូលប្រឆាំងភេរវកម្មរបស់ប្រទេសម៉ាឡេស៊ីនិយាយថាអាជ្ញាធររបស់ប្រទេសម៉ាឡេស៊ីចាប់ឃុំខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកគាំទ្រក្រុមរដ្ឋអ៊ីស្លាម (IS) ដែលមានគម្រោងក្នុងការវាយប្រហារជាច្រើនកន្លែងផ្សេងគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងបទសម្ភាសន៍មួយ ប្រធានផ្នែករបស់មន្ត្រីប្រឆាំងភេរវកម្មម៉ាឡេស៊ីលោក Ayob Khan Mydin Pitchay បន្ថែមថាប្រទេសមីយ៉ាន់ម៉ាកំពុងតែប្រឈមមុខនឹងការកើនឡើងខ្លាំងនៃការវាយប្រហារដោយអ្នកគាំទ្រជនជាតិបរទេសរបស់រដ្ឋអ៊ីស្លាមជាច្រើននាក់ដែលមានបណ្តាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគាំទ្រក្រុម Muslim Rohingyas។ ជនសង្ស័យដែលមិនទាន់បានទម្លាយអត្តសញ្ញាណឱ្យដឹងនៅឡើយគឺជាជនជាតិឥណ្ឌូនេស៊ីដែលចាប់ឃុំខ្លួនកាលពីខែមុន។ ប្រសិនបើជននេះត្រូវគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករពិតប្រាកដមែនជននេះអាចនឹងត្រូវជាប់ពន្ធនាគាររយៈពេល៧ឆ្នាំឬពិន័យជាទឹកប្រាក់។ គួរបញ្ជាក់ផងដែរថាអង្គការសហប្រជាជាតិនិយាយថាយុទ្ធនាការរបស់កងកម្លាំងនៃប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីខែតុលាដែលស្ថិតក្នុងភាគខាងជើងនៃរដ្ឋរ៉ាឃីនជាប់ព្រំប្រទល់ជាមួយនឹងប្រទេសបង់ក្លាដែសបានបញ្ជូនសមាជិកប្រមាណជា៣៤,០០០​នាក់របស់ក្រុម Rohingya ទៅកាន់ប្រទេសបង់ក្លាដែសវិញ។ អ្នកនាំពាក្យរដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ាលោក Zaw Htay បានប្រាប់សារព័ត៌មាន Reuters ថាអំពើហិង្សាដែលបានកើតឡើងនៅក្នុងខែតុលានៃរដ្ឋរ៉ាឃីនមិនទាន់រកឃើញភស្តុតាងនៅឡើយទេ ប៉ុន្តែការវាយប្រហារជាច្រើនគឺជាប់ពាក់ព័ន្ធទៅនឹងរដ្ឋអ៊ីស្លាម (IS)៕