ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៧
អ្នកនាំពាក្យម្នាក់និយាយនៅថ្ងៃអាទិត្យនេះថាមន្ត្រីប៉ូលិសបានវាយឆ្មក់ចូលទៅក្នុងមជ្ឈមណ្ឌលសាសនាអ៊ីស្លាមមួយកន្លែងនៅក្នុងទីក្រុងម៉ានីល និងបានឃុំខ្លួនមនុស្សជាច្រើននាក់ដើម្បីពង្រឹងនូវសុវត្ថិភាពមុនពេលដែលពិធីបុណ្យសាសនាកាតូលិកមកដល់។ បុរស២នាក់ដែលត្រូវចាប់ខ្លួនដោយសារតែការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងពេលវាយឆ្មក់នៅមជ្ឈមណ្ឌលសាសនាអ៊ីស្លាមដែលស្ថិតនៅក្នុងកណ្តាលទីក្រុងម៉ានីលកាលពីថ្ងៃសៅរ៍ ខណៈដែលអាជ្ញាធរបានព្រមានអំពីការវាយប្រហារដែលអាចកើតឡើងដោយការបង្ករពីក្រុមសកម្មជនរដ្ឋអ៊ីស្លាមនៅក្នុងពិធីបុណ្យ Black Nazarene ដែលនឹងធ្វើឡើងនៅថ្ងៃច័ន្ទនេះ។ ចំណែកមនុស្ស៨២នាក់ផ្សេងទៀតដែលនៅក្នុងមជ្ឈមណ្ឌលនេះត្រូវឃាត់ខ្លួនយកទៅប៉ុស្តិ៍ប៉ូលិស ប៉ុន្តែពួកគេត្រូវបានដោះលែងមកវិញភ្លាមៗបន្ទាប់ពីការសាកសួរចម្លើយរួច។ មន្ត្រីអាជ្ញាធរបានត្រៀមខ្លួនសម្រាប់ការវាយប្រហារដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងព្រឹត្តិការណ៍នេះព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ជនជាតិហ្វីលីពីនរាប់លាននាក់។ គួរបញ្ជាក់ផងដែរថាពិធីបុណ្យប្រចាំឆ្នាំនេះនឹងត្រូវចូលរួមដោយអ្នកកាន់សាសនាប្រមូលផ្តុំគ្នាដើរដោយជើងទទេឆ្ពោះទៅកាន់រូបសំណាកខ្មៅរបស់ព្រះយ៉េស៊ូដែលគេចាត់ទុកថាមានអំណាចខ្លាំងអស្ចារ្យ។ កាលពីឆ្នាំមុននេះ មនុស្ស២នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួសដោយសារការវាយប្រហារមួយកើតឡើងក្នុងពេលជួបជុំគ្នានេះ៕