ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧
តាមប្រភពពីក្រុមហ៊ុនបានឲ្យដឹងថាមនុស្ស៥នាក់ដែលក្នុងនោះមានជនជាតិថៃម្នាក់ត្រូវគេរកឃើញថាស្លាប់បាត់បង់ជីវិតក្នុងរោងចក្រផលិតទឹកត្រីមួយនៅប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ដែលគេសង្ស័យថាមនុស្សទាំងនោះបានស្រូបផ្សែងពុល។ សពបុរសទាំង៥នាក់នេះត្រូវគេរកឃើញនៅក្នុងបន្ទប់តូចមួយក្នុងរោងចក្រ CP Foodtech ក្នុងខេត្ត Phu Yen ហើយក្រុមស៊ើបអង្កេតកំពុងតែស្វែងរកអំពីមូលហេតុនៃការស្លាប់នេះ។ បុរសម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា “យើងជឿជាក់ថាពួកគេស្លាប់ដោយសារតែស្រូបឧស្ម័នពុលនៅក្នុងបន្ទប់នេះដែលជាកន្លែងផលិតទឹកត្រី”។ គាត់មិនបានបញ្ជាក់អំពីសារធាតុណាខ្លះដែលប្រើប្រាស់សម្រាប់ដំណើរការនៃការផលិតនោះទេ។ ម្នាក់ក្នុងចំណោមជនរងគ្រោះទាំងនេះបានសម្រេចចិត្តចូលទៅក្នុងបន្ទប់នេះដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែគាត់មិនបានចេញពីបន្ទប់វិញទេ បន្ទាប់មកមិត្តរួមការងាររបស់គាត់ស្វែងរកគាត់ ប៉ុន្តែអ្វីដែលគេបានឃើញគឺសាកសពរបស់គាត់ទៅវិញ។ គួរបញ្ជាក់ផងដែរថាគ្រោះថ្នាក់ជាច្រើនបានកើតឡើងនៅក្នុងរោងចក្ររបស់ប្រទេសវៀតណាមដែលជាកន្លែងល្មើសច្បាប់ការងារ និងបទបញ្ញត្តិសុវត្ថិភាព៕