ជម្លោះនៅអាហ្វហ្គានីស្ថានកាន់តែរីករាលដាលខ្លាំងឡើងបន្ទាប់ពីអង្គការណាតូដកកងកម្លាំង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧

រយៈពេល២ឆ្នាំបន្ទាប់ពីអង្គការណាតូផ្ទេរការទទួលខុសត្រូវលើសន្តិសុខសុវត្ថិភាពរបស់ប្រទេសអាហ្វហ្គានីស្ថានទៅឲ្យកងកម្លាំងរបស់ប្រទេសមួយនេះ អាហ្វហ្គានីស្ថាននៅតែរងគ្រោះដោយសារអំពើពុករលួយ និងកងកម្លាំងជាច្រើនមិនអាចធ្វើការគ្រប់គ្រងទៅលើក្រុមតាលីបង់នៅតាមបណ្តោយឆ្នេរ។ ចាប់តាំងពីកងកម្លាំងរបស់អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិចបានបញ្ឈប់ការយាមល្បាត ហើយដើរតួនាទីជាទីប្រឹក្សាវិញម្តងនោះ កងកម្លាំងរបស់អាហ្វហ្គានីស្ថានទទួលរងគ្រោះថ្នាក់រហូតដល់ស្លាប់រាប់ពាន់នាក់ពីពួកតាលីបង់។ រយៈពេលមិនដល់២សប្តាហ៍ទៀតនោះទេដែលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នឹងឡើងកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិច ការគម្រាមគំហែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានគឺកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត។ ឆ្លងកាត់ការដឹកនាំរបស់លោកប្រធានាធិបតី Barack Obama ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ ជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានហាក់ដូចជានៅមិនទាន់អាចដោះស្រាយបាននៅឡើយទេ។ គួរបញ្ជាក់ផងដែរថាកងកម្លាំងជាច្រើនបានតស៊ូប្រឆាំងជាមួយនឹងរដ្ឋាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថានដោយសារតែឥទ្ធិពលគ្រប់គ្រងរបស់រដ្ឋាភិបាលធ្លាក់ចុះ៕