ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧
ប៉ូលិសឥណ្ឌូនេស៊ីដោះលែងមនុស្ស៨នាក់ដែលនិរទេសពីប្រទេសសិង្ហបុរីកាលពីដើមសប្តាហ៍នេះដែលសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងក្រុមរដ្ឋអ៊ីស្លាម (រូបភាពនៅលើទូរស័ព្ទដៃរបស់ពួកគេ)។ ការដោះលែងនេះគឺដោយសារតែក្រុមអ្នកស៊ើបអង្កេតមិនអាចរកឃើញព័ត៌មានផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ។ ជនជាតិឥណ្ឌូនេស៊ីទាំងនេះត្រូវបានចាប់ឃុំខ្លួននៅត្រង់ច្រកចូល Woodlands Checkpoint ប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារិ៍បន្ទាប់ពីមន្រ្តីគយរកឃើញទូរស័ព្ទដៃមួយគ្រឿងមានរូបភាពជាច្រើនដែលពាក់ព័ន្ធទៅនឹងក្រុមភេរវករដែលហៅខ្លួនថាជារដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី នេះបើតាមការបញ្ជាក់របស់ MHA របស់ប្រទេសសិង្ហបុរី។ បើយោងតាមមន្រី្តក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Lalu Muhammad Iqbal បានបញ្ជាក់នៅថ្ងៃសុក្រថារូបភាពជាច្រើនដែលរូមមានទាំងទង់ជាតិរបស់ក្រុមរដ្ឋអ៊ីស្លាមដែលគេរកឃើញនៅលើកម្មវិធី WhatsApp ដែលរូបភាពទាំងនោះបញ្ចូនដោយជនអនាមិក និងបានរក្សាទុកដោយស្វ័យប្រវត្តិ ហើយគាត់មិនមានចេតនារក្សាទុករូបនេះនៅក្នុងទូរស័ព្ទទេ។ ប៉ូលិសឥណ្ឌូនេស៊ីបានបញ្ជាក់នៅថ្ងៃសុក្រថាដោយសារតែរូបភាពទាំងនោះទទួលបានតាមរយៈកម្មវិធីផ្ញើរសារនេះដោយអចេតនាដែលគាត់មិនមានបំណងចូលរួមជាមួយក្រុមនេះទេ។ គួរបញ្ជាក់ផងដែរថាប៉ូលិសប្រឆាំងភេរវកម្មកងកម្លាំងពិសេសបានសួរចម្លើយក្រុមនេះមុនពេលសម្រេចចិត្តដោះលែង៕