ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៧
មន្ត្រីយោធាជាន់ខ្ពស់ម្នាក់បញ្ជាក់នៅថ្ងៃអាទិត្យនេះថាកងទាហានជាច្រើននាក់របស់ប្រទេសហ្វីលីពីនសម្លាប់ពួកសកម្មប្រយុទ្ធ១៥នាក់ និងធ្វើឱ្យមេដឹកនាំក្រុមឧទ្ទាមមួយនេះរងរបួសធ្ងន់ក្នុងការវាយប្រហារតាមផ្លូវអាកាស និងការប្រើប្រាស់កាំភ្លើងធំនៅក្នុងខេត្តមួយនៃភាគខាងត្បូងប្រទេស។ លោក Isnilon Hapilon ដែលគេស្គាល់ឈ្មោះមួយទៀតថាលោក Abu Abdullah ជាមេដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធ Abu Sayyaf នៅប្រទេសហ្វីលីពីនប្រហែលជារងរបួសធ្ងន់ដែលអាចបាត់បង់ជីវិត និងមេដឹកនាំរូបនេះពិតជាត្រូវការសង្គ្រោះជាបន្ទាន់នេះបើតាមការបញ្ជាក់របស់លោក Eduardo Ano។ លោក Ano បញ្ជាក់ថា “មេដឹកនាំនេះត្រូវការបញ្ចូលឈាម ហើយបើគ្មានការសង្គ្រោះជីវិតទាន់ពេលនោះទេ គាត់ប្រហែលជាស្លាប់”។ កាលពីថ្ងៃព្រហស្បតិ៍កងកម្លាំងហ្វីលីពីនបានទម្លាក់គ្រាប់បែក និងការបាញ់គ្រាប់ផ្លោងទៅលើទីតាំងរបស់ក្រុមពួកឧទ្ទាមដែលស្ថិតនៅក្នុងជួរភ្នំ Lanao Del Sur ដើម្បីលាងសម្អាតក្រុមរបស់លោក Hapilon។ ខេត្តមួយនេះជាទីតាំងស្នាក់អាស្រ័យរបស់ក្រុមឧទ្ទាមដែលមានភក្តីភាពសម្រាប់ក្រុមរដ្ឋអ៊ីស្លាម។ គួរបញ្ជាក់ផងដែរថាលោក Hapilon ស្ថិតនៅក្នុងបញ្ជីស៊ើបអង្កេតរបស់មន្រ្តីប៉ូលិសពាក់ព័ន្ធទៅនឹងការចាប់ជម្រិតប្រជាជនហ្វីលីពីន១៧នាក់ និងជនជាតិអាមេរិច៣នាក់ក្នុងឆ្នាំ២០១១ ហើយបើសិនមានអ្នកណាចាប់ខ្លួនបាននឹងទទួលបានប្រាក់រង្វាន់៥លានដុល្លារ៕