ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០១៧
ជនសង្ស័យបីនាក់ដែលគេចោទប្រកាន់ថាមានទំនាក់ទំនងនឹងក្រុមភេរវកម្មរដ្ឋអ៊ីស្លាមត្រូវចាប់ខ្លួនក្នុងទីក្រុងប៊ែកឡាំងកាលពីល្ងាចថ្ងៃអង្គារ។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថាវិហារអ៊ីស្លាមមួយដែលជាកន្លែងអ្នកវាយប្រហារនៅទីផ្សារបុណ្យណូអែលលោក Anis Amri ទៅញឹកញាប់នោះត្រូវប៉ូលិសវាយឆ្មក់។ ទីភ្នាក់ងារសន្តិសុខអាល្លឺម៉ង់កំពុងធ្វើការស៊ើបអង្កេតថាតើជនសង្ស័យរូបនេះមានផែនការច្បាស់លាស់ណាមួយដើម្បីអនុវត្តការវាយប្រហារនៅក្នុងទីក្រុងប៊ែកឡាំង។ មុនពេលចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះ វិហារអ៊ីស្លាម៣៣កន្លែងនៅទីក្រុងប៊ែកឡាំងក៏ត្រូវប៉ូលិសវាយឆ្មក់ផងដែរ។ យោងតាមកាសែតបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់ត្រូវចាប់ខ្លួននៅជិតបរិវេណវិហារអ៊ីស្លាម។ អាជ្ញាធរបានទទួលភស្តុតាងថាអ្នកវាយប្រហារឈ្មោះ Anis Amri បានទៅវិហារអ៊ីស្លាមនេះជាញឹកញាប់ និងមានវីដេអូក្នុងទូរស័ព្ទដៃរបស់គាត់ដែលបង្ហាញនៅពេលគាត់ស្បថថាមានភក្ដីភាពជាមួយក្រុម IS៕