ប៉ូលិសភូមាបាញ់ទូកនេសាទបង់ក្លាដែសសម្លាប់មនុស្សម្នាក់ និង២នាក់រងរបួស

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៧

ប៉ូលិសបញ្ជាក់ថាឆ្មាំព្រំដែនរបស់មីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារមួយទៅលើទូកនេសាទរបស់ជនជាតិបង់ក្លាដែសនៅក្នុងទន្លេណាហ្វដែលបណ្តាលឲ្យអ្នកនេសាទស្លាប់ម្នាក់ និង២នាក់ទៀតរងរបួស។ ភាពតានតឹងកំពុងកើនឡើងខ្លាំងចាប់តាំងពីមានក្រុម Rohingya រាប់ពាន់នាក់រត់ភៀសខ្លួននៅតាមព្រំដែន ហើយវាតែងតែមានការបង្ក្រាបដោយកងទ័ពរបស់ភូមាចាប់តាំងពីខែតុលាមកម្ល៉េះ។ នេះជាលើកទី២ហើយដែលកងកម្លាំងភូមាបាញ់ទូកនេសាទរបស់បង់ក្លាដែស។ លោក Iqbal Hossain មន្ត្រីប៉ូលិសប្រចាំនៅតំបន់នេះបានបញ្ជាក់ថាឆ្មាំព្រំដែនបាញ់ប្រហារទៅលើទូកនេសាទនោះដោយសារតែទូកនេះខិតចូលមកក្នុងទឹកដីរបស់ភូមា។ គាត់ប្រាប់សារព័ត៌មាន AFP ថា “អ្នកនេសាទ៣នាក់រងរបួសដោយគ្រាប់កាំភ្លើង។ ពួកគេមិនបានដឹងខ្លួនថាចូលទៅក្នុងដែនទឹករបស់ប្រទេសភូមានោះទេ”។ បន្ទាប់ពីកើតហេតុមានទូកមួយដឹកអ្នកនេសាទទាំង៣នាក់ទៅកាន់ព្រំដែនរបស់បង់ក្លាដែស និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែអ្នកនេសាទម្នាក់ឈ្មោះថា Nurul Amin អាយុ២៦ឆ្នាំស្លាប់បាត់បង់ជីវិត ដោយសារតែរបួសធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថាជនជាតិមូស្លីម Rohingya ប្រមាណជា៧០,០០០នាក់បានចូលទៅក្នុងទឹកដីរបស់បង់ក្លាដែសក្នុងរយៈពេលប៉ុន្មានខែមកនេះដោយសារតែការកាប់សម្លាប់ និងការរំលោភបំពានពីកងទ័ពភូមា។ តាមការបញ្ជាក់របស់រដ្ឋាភិបាលបង់ក្លាដែសបានឲ្យដឹងថាជនជាតិ Rohingya ប្រមាណជា៤០០,០០០នាក់រស់នៅក្នុងប្រទេសបង់ក្លាដែស ហើយភាគច្រើនមិនទាន់ចុះឈ្មោះនៅឡើយទេ៕