ជនសង្ស័យក្នុងអំពើឃាតកម្មលោក គីម ជុងណាំ បង្ហាញខ្លួននៅតុលាការប្រទេសម៉ាឡេស៊ី

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៧

ជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់បងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើងបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃព្រហស្បតិ៍នេះ ហើយប៉ូលិសរបស់ប្រទេសម៉ាឡេស៊ីកំពុងស៊ើបអង្កេតបន្តស្វែងរកជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងឃាតកម្មនេះ។ ប៉ូលិសបានបញ្ជាក់ថាស្រ្តីវ័យ២៨ឆ្នាំម្នាក់ដែលកាន់លិខិតឆ្លងដែនរបស់ប្រទេសវៀតណាមត្រូវចាប់ឃុំខ្លួនពេញមួយយប់បន្ទាប់ពីទទួលបានរបាយការណ៍ថាឃាតករស្រ្តី២នាក់បាញ់ថ្នាំបំពុលទៅលើមុខរបស់លោក គីម ជុងណាំ នៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur។ លោក Abdul Samah ប្រាប់សារព័ត៌មាន AFP ថា “ពួកយើងកំពុងស្វែងរកជនសង្ស័យផ្សេងទៀត”។ ការធ្វើឃាតលើលោក គីម ជុងណាំ កើតឡើងនៅថ្ងៃច័ន្ទនៅពេលដែលលោកត្រៀមឡើងយន្តហោះទៅទីក្រុងម៉ាកាវដែលជាកន្លែងគាត់ត្រូវនិរទេសខ្លួនជាច្រើនឆ្នាំ។ លោក គីម ជុងណាំ អាយុ៤៥ឆ្នាំកំពុងតែដើរតាមច្រកចេញ (Departure Hall) ហើយគាត់ក៏ត្រូវគេធ្វើអត្តឃាតតែម្តង។ រូបភាពតាមរយៈកាមេរ៉ា CCTV បង្ហាញថាជនសង្ស័យជាស្រ្តីអាស៊ីម្នាក់ដែលពាក់អាវពណ៌សដែលមានអក្សរនៅពីមុខថា “LOL”។ គួរបញ្ជាក់ផងដែរថាសាកសពលោក គីម ជុងណាំ រក្សាទុកនៅមន្ទីរពេទ្យ Kuala Lumpur នៅឡើយដើម្បីត្រួតពិនិត្យ ប៉ុន្តែលទ្ធផលនៅមិនទាន់ប្រកាសឱ្យដឹងនៅឡើយទេ៕