ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៧
បុរសជនជាតិវៀតណាមម្នាក់បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថាគាត់ជឿថាប្អូនស្រីរបស់គាត់ជាមនុស្សម្នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងឃាតកម្មដោយប្រើប្រាស់ថ្នាំពុលសម្លាប់លោក គីម ជុងណាម ដែលជាបងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur ប្រទេសម៉ាឡេស៊ីពិតប្រាកដមែន។ ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ថាជនសង្ស័យទាំងនោះមានស្រ្តីម្នាក់កាន់លិខិតឆ្លងដែនប្រទេសវៀតណាម។ អាជ្ញាធរវៀតណាមនិយាយថាពួកគេកំពុងស៊ើបអង្កេត និងទាក់ទងគ្នាជាមួយប្រទេសម៉ាឡេស៊ី។ បុរសជនជាតិវៀតណាមដែលមានឈ្មោះថា Joseph Doan បញ្ជាក់ថាប្អូនស្រីរបស់គាត់មានឈ្មោះ Doan Thi Huong កើតឆ្នាំ១៩៨៨ នៅក្នុងខេត្ត Nam Dinh ដែលជារដ្ឋធានីមួយនៅភាគអាគ្នេយ៍នៃទីក្រុងហាណូយ។ ព័ត៌មានទាំងនេះគឺដូចគ្នាទៅនឹងឯកសារដែលប៉ូលិសម៉ាឡេស៊ីរកឃើញ។ បុរសម្នាក់នេះបានបន្ថែមថា “យើងគ្រាន់តែឮតាមរយៈប្រព័ន្ធអ៊ីនធើណិត ហើយមនុស្សគ្រប់គ្នាប្រហែលជាបានដឹងតាមរយៈប្រព័ន្ធអ៊ីនធើណិតដូចគ្នាដែរ ប៉ុន្តែតាមរយៈរូបភាពដែលគេទម្លាយនេះពិតជាដូចនាងមែនទែន។ ខ្ញុំមិនទាន់ធានាថាពិត១០០%នោះទេដោយសារតែយើងនៅមិនទាន់បានជួបនាងនៅឡើយទេ”។ កាមេរ៉ាសុវត្ថិភាព CCTV បង្ហាញថាស្រ្តីម្នាក់នោះពាក់អាវពណ៌សដែលមានអក្សនៅពីមុខ “LOL”។ លោក Doan និយាយទៀតថាប្អូនស្រីគាត់បានចាកចេញពីផ្ទះចាប់តាំងពីនាងមានអាយុ១៨ឆ្នាំមកម្ល៉េះ ហើយនាងមកលេងផ្ទះម្តងម្កាលតែប៉ុណ្ណោះ។ គ្មានអ្នកណាម្នាក់ដឹងថានាងទៅរស់នៅកន្លែងណានោះទេ។ “គ្រប់ពេលដែលនាងមកលេងផ្ទះ ខ្ញុំបានត្រឹមតែប្រាប់នាងឱ្យប្រឹងប្រែងរៀនសូត្រ និងប្រឹងប្រែងធ្វើការងារតែប៉ុណ្ណោះ”។ ថ្មីៗនេះមន្រ្តីរបស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនិយាយថាការសម្លាប់លោក គីម ជុងណាម ជាស្នាដៃរបស់ទីភ្នាក់ងារពិសេសកូរ៉េខាងជើង។ ប៉ូលិសម៉ាឡេស៊ីនិយាយកាលពីថ្ងៃអាទិត្យនេះថាជនសង្ស័យជនជាតិកូរ៉េខាងជើង៤នាក់ផ្សេងទៀតដែលបានរត់គេចខ្លួនចេញពីប្រទេសម៉ាឡេស៊ីនៅថ្ងៃកើតហេតុក៏ជាប់ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់លោក គីម ជុងណាម ផងដែរ៕