រុស្ស៊ីវាយប្រហារខុសគោលដៅ ប៉ះចំកងកម្លាំងដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៧

កាលពីថ្ងៃពុធនេះមេបញ្ជាការសហរដ្ឋអាមេរិកនិយាយថាយន្តហោះចម្បាំងរុស្ស៊ីវាយប្រហារខុសទិសដៅបែរចំលើកងកម្លាំងដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅភាគខាងជើងប្រទេសស៊ីរី។ លោកឧត្តមសេនីយ៍ Stephen Townsend មេបញ្ជាការកងកម្លាំងចម្រុះដែលជួយគាំទ្រដល់កងកម្លាំងអ៊ីរ៉ាក់ និងស៊ីរីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ គាត់មិនបានប្រាប់ពីចំនួនអ្នករបួស និងស្លាប់នោះទេ។ ការវាយប្រហារខុសនេះ គូសបញ្ជាក់អំពីភាពស្មុគស្មាញនៃសមរភូមិស៊ីរី ដែលជាទីកន្លែងដែលមានកងកម្លាំងច្រើនប្រទេស ហើយមានរបៀបធ្វើការខុសៗគ្នាក្នុងការចូលរួមប្រយុទ្ធ។ ប្រទេសរុស្ស៊ី ទួរគី សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗទៀតបានគាំទ្រដល់កងកម្លាំងខាងក្នុងប្រទេសស៊ីរីចាប់តាំងពីពេលមានសង្គ្រាមស៊ីវិលក្នុងឆ្នាំ២០១១ មកម្លេះ។ សហរដ្ឋអាមេរិកគាំទ្រដល់កងកម្លាំងស៊ីរីអារ៉ាប់ និងជនជាតិឃើដដែលស្ថិតនៅជិតទីក្រុង Raqqa ដែលជារាជធានីផ្លូវការក្នុងប្រទេសស៊ីរីរបស់ក្រុមរដ្ឋអ៊ីស្លាម។ ដើម្បីជៀសវាងគ្រោះថ្នាក់ជាអកុសលណាមួយនៅលើដែនអាកាស យោធាសហរដ្ឋអាមេរិក និងរុស្ស៊ីកំពុងជូនដំណឹងឲ្យគ្នាទៅវិញទៅមកពីទីកន្លែងដែលពួកគេកំពុងប្រតិបត្ដិការ ប៉ុន្តែពួកគេខ្វះការសម្របសម្រួលក្នុងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងកំណត់ទិសដៅដើម្បីវាយប្រហារ៕