ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៧
សហរដ្ឋអាមេរិកបានចាប់ផ្តើមពន្លឿនសកម្មភាពពង្រាយខែលប្រឆាំងមីស៊ីល THAAD ដ៏ចម្រូងចម្រាសនៅលើទឹកដីកូរ៉េខាងត្បូង បើទោះបីជាមានការប្រឆាំងជំទាស់ពីប្រទេសរុស្ស៊ី និងប្រទេសចិនក្តី។ ការដាក់ពង្រាយខែលប្រឆាំងមីស៊ីលនេះបន្ទាប់ពីមានការបាញ់សាកល្បងនុយក្លេអ៊ែរ៤គ្រាប់ជាថ្មីរបស់កូរ៉េខាងជើងឆ្ពោះទៅកាន់ប្រទេសជប៉ុនដែលជាការធ្វើលំហាត់សមយុទ្ធមួយត្រៀមវាយប្រហារមូលដ្ឋានអាមេរិកនៅលើទឹកដីជប៉ុន។ យោងទៅតាមបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ខែលប្រឆាំងមីស៊ីល THAAD បានបញ្ជូនមកដល់មូលដ្ឋានអាកាស Osan នៅក្នុងទីក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ។ ប្រទេសចិន និងប្រទេសរុស្ស៊ីក៏បានចេញមុខប្រឆាំងទៅនឹងការដាក់ពង្រាយខែលប្រឆាំងមីស៊ីល THAAD នេះផងដែរ។ ក្រសួងការបរទេសចិននិយាយនៅថ្ងៃអង្គារនេះថាចិនប្រឆាំងដាច់ខាតទៅលើការដាក់ពង្រាយនេះ។ ការដាក់ពង្រាយខែលប្រឆាំងមីស៊ីល THAAD អាចធ្វើឱ្យប៉ះពាល់ទៅលើសមត្ថភាពមីស៊ីលរបស់ខ្លួន។ ក្រសួងការបរទេសរុស្ស៊ីនិយាយថាការដាក់ពង្រាយខែលប្រឆាំងមីស៊ីលនាពេលបច្ចុប្បន្ននេះនៅក្នុងឧបទ្វីបកូរ៉េអាចទាញទៅរកភាពទាល់ច្រកមួយ។ លោក Victor Ozerov ប្រធានគណៈកម្មាធិការសហព័ន្ធការពារសន្តិសុខជាតិរុស្សីនិយាយថាការដាក់ពង្រាយខែលប្រឆាំងមីស៊ីលនេះគឺជាជំហានមួយបន្ថែមទៀតដើម្បីប្រឆាំងនឹងប្រទេសរុស្សី។ THAAD គឺជាខែលប្រឆាំងមីស៊ីលដែលបង្កើតឡើងសម្រាប់ចាប់ និងបំផ្លាញមីស៊ីលចម្ងាយខ្លី ឬមធ្យមនៅពេលដែលចូលទៅក្នុងគោលដៅរបស់វា។ ក្រោមការអភិវឌ្ឍរបស់ Lockheed Martin ខែលប្រឆាំងមីស៊ីល THAAD ប្រើប្រាស់បច្ចេកវិទ្យាអ៊ីនហ្រ្វាកំណត់ទីតាំងគោលដៅ និងបំផ្លាញចោលតែម្តង។ ប្រទេសកូរ៉េខាងត្បូងមានបំណងនាំយកប្រព័ន្ធនេះប្រើប្រាស់អនឡាញនៅចុងឆ្នាំនេះ។ កាលពីខែមុនមន្ត្រីយោធាម្នាក់និយាយថាការដាក់ពង្រាយខែលប្រឆាំងមីស៊ីលអាចនឹងបញ្ជប់នៅក្នុងខែសីហា។ ទោះបីជាមានការប្រឆាំងជំទាស់ទៅនឹងប្រព័ន្ធខែលប្រឆាំងមីស៊ីលនៅក្នុងប្រទេសកូរ៉េខាងត្បូងក្តី ក៏សហរដ្ឋអាមេរិកនៅតែពន្លឿនគម្រោងដាក់ពង្រាយខែលប្រឆាំងមីស៊ីលនេះដដែល៕