ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០១៧
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន RT មេបញ្ជាការ Cihan Sheikh កងកម្លាំងឈុតប៉ារ៉ាឃើដនិយាយអំពីការកើនឡើងចំនួនជនស៊ីវិលស្លាប់នៅក្នុងប្រទេសស៊ីរី និងលទ្ធផលនៃការអន្តរាគមន៍របស់ទួរគី ប៉ុន្តែមិនបានពិភាក្សាទៅលើផលប៉ះពាល់នៃការវាយប្រហារដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ។ Cihan Sheikh អ្នកនាំពាក្យកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) មានគោលដៅក្នុងការបណ្តេញក្រុមរដ្ឋអ៊ីស្លាម (អតីតក្រុម ISIS/ISIL) ដែលកាន់កាប់នៅទីក្រុងរ៉ាហ្គាភាគខាងជើងប្រទេសស៊ីរី។ Cihan Sheikh ក៏ជាមេបញ្ជាការបស់អង្គភាពការពារស្រ្តី និងសាខាស្ត្រីទាំងអស់នៃអង្គភាពការពារប្រជាជនដែលដឹកនាំដោយឃើដ។ អង្គភាពការពារប្រជាជនដែលដឹកនាំដោយឃើដ និងកងកម្លាំងប្រជាធិបតេយ្យស៊ីរីកំពុងប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាមដែលដឹកនាំដោយកងកម្លាំងអាកាសសហរដ្ឋអាមេរិក។ Cihan Sheikh និយាយថាការស្លាប់មួយភាគធំនៃជនស៊ីវិលគឺជាស្នាដៃរបស់ក្រុមរដ្ឋអ៊ីស្លាម (IS)។ “ការសម្លាប់រង្គាលទាំងអស់គឺជាការប្តេជ្ញាចិត្តរបសក្រុម ISIS ប៉ុន្តែពួកគេបែរជាទម្លាក់កំហុសទៅលើការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅវិញ”។ Cihan Sheikh ហាក់ដូចជាគេចចេញពីការបញ្ចេញមតិពាក់ព័ន្ធទៅនឹងការស្លាប់ និងរបួសរបស់ជនស៊ីវិលដោយការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។ ខណៈដែលសហរដ្ឋអាមេរិក និងទួរគីចាប់ផ្តើមសកម្មភាពក្នុងជម្លោះនៅស៊ីរី ហើយថែមទាំងប្រកាសថាពួកគេនឹងចាប់ផ្តើមប្រតិបត្តិការថ្មីនៅស៊ីរីប្រឆាំងទៅនឹងអង្គភាពការពារប្រជាជនដែលដឹកនាំដោយឃើដ នោះ Cihan Sheikh ព្រមានទួរគីកុំឱ្យចូលមកពាក់ព័ន្ធក្នុងតំបន់របស់ឃើដ។ គួរបញ្ជាក់ផងដែរថាគោលដៅរបស់ទួរគីគឺបង្ក្រាបទៅលើការបះបោររបស់ក្រុមឃើដដែលអាចរាលដាលចូលទៅក្នុងភាគខាងត្បូងប្រទេសរបស់ខ្លួនដែលជាកន្លែងរបស់ក្រុមអង់ការ៉ាក្នុងជម្លោះរ៉ាំរ៉ៃជាមួយក្រុមឃើដដែលចាត់ទុកថាជាអង្គការភេរវកម្មមួយ។ Cihan Sheikh សង្កត់ធ្ងន់ថាអង្គភាពការពារប្រជាជនដែលដឹកនាំដោយឃើដ និងកងកម្លាំងប្រជាធិបតេយ្យស៊ីរីគ្មានជម្លោះជាមួយនឹងទួរគីនោះទេ៕