ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧
ប្រធានាធិបតីលោក Joko Widodo អំពាវនាវដល់កម្លាំងយោធាឥណ្ឌូនេស៊ី (TNI) ដើម្បីផ្តល់នូវតួនាទីកាន់តែធំក្នុងប្រទេសនេះដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្ម។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅវិមានប្រធានាធិបតីក្នុងទីក្រុង Bogor កោះចាវាខាងលិចនៅថ្ងៃចន្ទនេះថា “ការផ្តល់សិទ្ធិអំណាចទៅដល់ TNI ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្ម។ រដ្ឋមន្រ្តីសម្របសម្រួលនយោបាយ កិច្ចការច្បាប់ និងសន្តិសុខផ្តល់ហេតុផលរបស់ពួកគាត់រួចទៅហើយដើម្បីរៀបចំរឿងនេះ”។ នៅថ្ងៃអាទិត្យនេះលោក Wiranto រដ្ឋមន្រ្តីផ្នែកសន្តិសុខក៏ធានាថា កងកម្លាំងយោធាទាំងអស់នឹងមិនប្រើប្រាស់អំណាចតួនាទីដែលផ្តល់ឱ្យពួកគេក្នុងផ្លូវខុសនោះទេ។ តួនាទីរបស់ TNI នឹងត្រូវត្រួតពិនិត្យឡើងវិញទៅលើច្បាប់ប្រឆាំងភេរវកម្មនៅប្រទេសឥណ្ឌូនេស៊ី ព្រោះក្រុមសិទ្ធិមនុស្សមានការព្រួយបារម្ភថាកងកម្លាំងយោធាអាចរំលោភទៅលើអំណាចរបស់ពួកគេ។ លោក Wiranto និយាយថាវានឹងមានវិធានសន្តិសុខផ្សេងទៀតដើម្បីគ្រប់គ្រង និងត្រួតពិនិត្យទៅលើកងកម្លាំងយោធានៅក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើភេរវកម្ម។ គណៈកម្មាធិការពិសេសក៏កំពុងជជែកដេញដោលគ្នាអំពីការផ្លាស់ប្តូរច្បាប់ស្តីអំពីការប្រឆាំងភេរវកម្ម ហើយក៏មានការកោះហៅអោយបញ្ចប់ការងារនេះឱ្យឆាប់រហ័សផងដែរក្រោយពេលមានការផ្ទុះគ្រាប់បែកចំនួន២គ្រាប់នៅភាគខាងកើតទីក្រុងហ្សាកាតាកាលពីសប្តាហ៍មុននេះ។ លោក Widodo សង្កត់ធ្ងន់ទៅលើអំពើភេរវកម្មកើតឡើងនៅប្រទេសឥណ្ឌូនេស៊ី និងជម្រុញអោយពន្លឿនការធ្វើច្បាប់ប្រឆាំងអំពើភេរវកម្ម។ “រដ្ឋមន្រ្តីសម្របសម្រួលនយោបាយ កិច្ចការច្បាប់ និងសន្តិសុខត្រូវបញ្ចប់កិច្ចការនេះអោយឆាប់តាមតែអាចធ្វើទៅបានដោយសារតែយើងពិតជាត្រូវការច្បាប់នេះណាស់។ ក្របខ័ណ្ឌច្បាប់ដើម្បីគ្រប់គ្រង និងការពង្រឹងវិធានសន្តិសុខរបស់យើងនឹងចាប់ផ្តើមនៅក្នុងប្រទេសនេះ”។ លោក Widodo ណែនាំទៅកាន់ទីភ្នាក់ងារជាតិប្រឆាំងភេរវកម្ម (BNPT) ដើម្បីបន្តអភិវឌ្ឍកម្មវិធីការពារអំពើភេរវកម្មនៅសាលារៀន កន្លែងគោរពបូជា ពន្ធនាគារ និងប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីប្រយុទ្ធប្រឆាំងនឹងមនោគមវិជ្ជារ៉ាឌីកាល់នៅក្នុងប្រទេសនេះ៕