ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៧
មន្ត្រីនិយាយនៅថ្ងៃសៅរ៍នេះថាកងកម្លាំងពិសេសអាមេរិកចូលរួមក្នុងការប្រយុទ្ធដើម្បីកំទេចពួកសកម្មប្រយុទ្ធដែលលាក់ខ្លួននៅភាគខាងត្បូងប្រទេសហ្វីលីពីន ក្រោយពេលដែលរដ្ឋាភិបាលហ្វីលីពីនជួបការលំបាក និងទាហាន១៣នាក់ស្លាប់ក្នុងពេលវាយប្រហារដ៏ខ្លាំងក្លានៅក្នុងទីក្រុងនេះ។ កងកម្លាំងយោធាហ្វីលីពីននិយាយថាសហរដ្ឋអាមេរិកផ្តល់ជំនួយបច្ចេកទេសដើម្បីបញ្ចប់ការឡោមព័ទ្ធរបស់ក្រុមយុទ្ធជននៅទីក្រុង Marawi ដែលចងសម្ព័ន្ធមិត្តជាមួយក្រុមរដ្ឋអ៊ីស្លាម។ លោកវរសេនីយ៍ទោ Jo-Ar Herrera ប្រាប់នៅក្នុងសន្និសីទកាសែតថា “ពួកគេមិនប្រយុទ្ធនោះទេ។ ពួកគេគ្រាន់តែផ្តល់ការគាំទ្របច្ចេកទេសប៉ុណ្ណោះ”។ ស្ថានទូតអាមេរិកបញ្ជាក់ថាខ្លួនពិតជាផ្តល់ការគាំទ្រទៅតាមសំណើររបស់រដ្ឋាភិបាលហ្វីលីពីនមែន ប៉ុន្តែព័ត៌មានលម្អិតនៅមិនទាន់បញ្ជាក់អោយដឹងនៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយនិយាយថាយន្តហោះឃ្លាំមើល A U.S. P៣ Orion ហោះហើរនៅលើទីក្រុងនេះកាលពីថ្ងៃសុក្រផងដែរ។ កិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តទាំង២នេះគឺមានរយៈពេលជាយូរមកហើយ ប៉ុន្តែក្រោយការកាន់កាប់របស់លោកប្រធានាធិបតី Rodrigo Duterte លោករក្សាជំហររឹងមាំប្រឆាំងជាមួយទីក្រុងវ៉ាស៊ីនតោន និងសច្ចាបង្ខំឲ្យគ្រូបង្វឹកយោធា និងទីប្រឹក្សាយោធារបស់សហរដ្ឋអាមេរិកចាកចេញពីប្រទេសរបស់ខ្លួន។ ការកាន់កាប់ទីក្រុង Marawi កើតឡើងនៅថ្ងៃទី២៣ ខែឧសភាបង្កសញ្ញាជូនដំណឹងទៅកាន់បណ្តាប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ដែលភ័យខ្លាចក្រុមរដ្ឋអ៊ីស្លាម (ការប្រឈមមុខនៅស៊ីរី និងអ៊ីរ៉ាក់) ដែលកាន់កាប់នៅលើកោះ Mindanao ប្រទេសហ្វីលីពីនដែលអាចគំរាមកំហែងដល់តំបន់ទាំងមូល។ ជនបរទេស៤០នាក់ប្រយុទ្ធជាមួយកងកម្លាំងហ្វីលីពីននៅក្នុងទីក្រុង Marawi ដែលភាគច្រើនពួកគេជាជនជាតិឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចំណែកអ្នកខ្លះទៀតមកពីមជ្ឈឹមបូព៌ា។ ការបរាជ័យនៅថ្ងៃសុក្រនេះគឺជាការខាតបង់ធំបំផុតរបស់កងកម្លាំងហ្វីលីពីនចាប់តាំងពីកងកម្លាំង១០នាក់ស្លាប់នៅថ្ងៃទី១ ខែមិថុនា។ លោក Herrera និយាយថា ទាហាន១៣នាក់ចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយពួកសកម្មប្រយុទ្ធ ប៉ុន្តែពួកគេត្រូវវាយប្រហារវិញដោយគ្រាប់បែកដៃ៕