បុរសជនជាតិថៃម្នាក់ជាប់ពន្ធនាគារ៣៥​ឆ្នាំដោយសារបង្ខូចកេរ្តិ៍ឈ្មោះរាជវង្សសេ្តចថៃនៅលើបណ្តាញសង្គម Facebook

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៧

អង្គការឃ្លាំមើលនិយាយថាបុរសជនជាតិថៃម្នាក់ត្រូវកាត់ទោសជាប់ពន្ធនាគារ៣៥​ឆ្នាំកាលពីថ្ងៃសុក្រនេះដោយសារតែការប្រមាថដល់ក្រុមគ្រួសាររាជវង្សស្តេចនៅលើបណ្តាញសង្គម Facebook។ ការបង្ខូចកេរ្តិ៍ឈ្មោះរាជវង្សស្តេចគឺជាឧក្រិដ្ឋកម្មមួយនៅក្នុងប្រទេសថៃដែលគោរពរាជានិយម។ តុលាការយោធាក្រុងបាងកកផ្តន្ទាទោសបុរសអាយុ៣៤ឆ្នាំនេះរហូតដល់ទៅ១០ករណីទៅលើការប្រមាថស្តេចតាមរយៈការបង្ហោះរូបភភាព និងវីដេអូជាច្រើនពាក់ព័ន្ធទៅនឹងរាជវង្សស្តេចនៅលើគណនីបណ្តាញសង្គម Facebook។ លោក Wichai ត្រូវចោទប្រកាន់ពីបទបរិហារកេរ្តិ៍រាជវង្សស្តេចនៅលើ Facebook។ លោក Yingcheep Atchanont មកពីក្រុមហ៊ុនច្បាប់ iLaw និយាយថា “តុលាការផ្តន្ទាទោសបុរសម្នាក់នេះជាប់ពន្ធនាគារដល់ទៅ៧ឆ្នាំក្នុងមួយករណី។ សរុបទោសរបស់គាត់គឺជាប់ពន្ធនាគារ៧០ឆ្នាំ ប៉ុន្តែទោសនេះត្រូបន្ថយពាក់កណ្តាលដោយសារតែបុរសម្នាក់នេះព្រមសារភាពកំហុស”។ ការប្រមាថស្តេចនៅលើបណ្តាញសង្គម Facebook គឺជាការបំពានច្បាប់នៅក្នុងប្រទេស។ អ្នកកាសែតត្រូវគេរារាំងមិនឲ្យចូលទៅក្នុងបន្ទប់តុលាការយោធាដែលជាកន្លែងប្រកាសសាលក្រមរបស់លោក Wichai នោះទេ។ នៅថ្ងៃសុក្រនេះតុលាការព្រហ្មទណ្ឌផ្តន្ទាទោសទៅលើជនសង្ស័យម្នាក់ទៀតដែលប្រមាថស្តេចអោយជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះដោយសារតែបង្ហោះសំឡេងចេញពីកម្មវិធីវិទ្យុនយោបាយមួយដែលគេចាត់ទុកថាជាការប្រមាថចំពោះព្រះមហាក្សត្រ។ ការប្រើប្រាស់ច្បាប់នេះស្ថិតនៅក្រោមរបបយោធារាជានិយមដែលដណ្តើមអំណាចបាននៅឆ្នាំ២០១៤ដែលមានមនុស្សប្រមាណជា១០០នាក់ត្រូវចោទប្រកាន់ និងផ្តន្ទាទោសចាប់តាំងពីការធ្វើរដ្ឋប្រហារនេះ។ ការកាត់ទោសនេះនៅតែបន្តក្រោមអំណាចរបស់ស្តេចថៃថ្មី Maha Vajiralongkorn ដែលឡើងគ្រងរាជ្យនៅចុងឆ្នាំ២០១៦ បន្ទាប់ពីការស្លាប់របស់ឪពុកព្រះអង្គដែលជាការសោកស្តាយដ៏ធំធេងសម្រាប់ប្រជាជនថៃ។ យោងតាមក្រុមហ៊ុន iLaw លោក Wichai ដំបូងបដិសេធទៅលើការចោទប្រកាន់នេះ ប៉ុន្តែក្រោយពេលស្ថិតនៅក្នុងពន្ធនាគារច្រើនជាង១ឆ្នាំលោកក៏សារភាពកំហុស ហើយកិច្ចដំណើរការនីតិវិធីរបស់តុលាការក៏ចាប់ផ្តើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here