ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៧
លោកប្រធានាធិបតីបារាំង Emmanuel Macron មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថាប្រទេសអ៊ីរ៉ាក់នឹងប្រកាសពីការរំដោះទឹកដីទាំងស្រុងពីរដ្ឋអ៊ីស្លាម (ISIS) នៅចុងខែធ្នូនេះ។ ប្រភពព័ត៌មានពី AFP បញ្ជាក់ថាលោកប្រធានាធិបតីធ្វើការព្យាករណ៍នៅឯសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយលោក Qatari Emir Sheikh Tamim bin Hamad Al Thani ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុង Doha។ លោក Macron ប្រាប់អ្នកយកព័ត៌មានថានឹងមានភាពជោគជ័យក្នុងការរំដោះទឹកដីទាំងស្រុងមុនដំណាច់ឆ្នាំនេះ ហើយលោកសង្ឃឹមថានៅខែក្រោយខាងមុខនេះយោធានៅក្នុងតំបន់អ៊ីរ៉ាក់ និងស៊ីរីនឹងទទួលជ័យជំនះទាំងស្រុង។ ក្រសួងការពារជាតិប្រទេសរុស្ស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍ថាយុទ្ធនាការវាយប្រហារតាមអាកាសរបស់ខ្លួនធ្វើឡើងយ៉ាងពេញទំហឹងដើម្បីកម្ចាត់ IS នៅក្នុងប្រទេសស៊ីរីឲ្យបានសម្រេច និងជឿជាក់ថាប្រទេសនេះត្រូវរំដោះទាំងស្រុងពីក្រុមឧទ្ទាម៕
