ប្រភពព័ត៌មានពីRTចេញផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨
បំពង់បង្ហូរប្រេងដែលផ្គត់ផ្គង់ប្រេងតំបន់ទីតាំង Waha ទៅស្ថានីយ៍នាំចេញ Es Sider ប្រទេសលីប៊ីត្រូវបិទដើម្បីធ្វើការជួសជុលបន្ទាប់ពីមានអគ្គីភ័យកើតឡើងនៅចុងសប្តាហ៍។ ក្នុងរបាយការណ៍ដំបូងរបស់សារព័ត៌មានរ៉យទ័រដកស្រង់ចេញពីប្រភពមួយរបស់អ្នកគ្រប់គ្រងក្រុមហ៊ុនប្រេង Waha និយាយថា បំពង់បង្ហូរប្រេងនេះត្រូវវាយប្រហារដោយក្រុមភេរវករមួយ។ ក្រោយមក ក្រុមហ៊ុនធំ NOC បង្ហោះតាមរយៈសារ Tweeted ដោយមានការស៊ើបអង្កេតជាបឋមអំពីមូលហេតុអគ្គីភ័យឆាបឆេះនេះ គឺជាការវាយប្រហារដោយចេតនាលើបំពង់បង្ហូរប្រេង។
ការជួសជុលត្រូវចំណាយរយៈពេលពីរទៅបីថ្ងៃ ហើយការខាតបង់ការផលិតក្នុងរយៈពេលនេះប្រហែល ៨០,០០០ធុង។ ក្រុមហ៊ុនប្រេង Waha ធ្វើប្រតិបត្តិការរួមគ្នាជាមួយក្រុមហ៊ុន ConocoPhillips Total និង Hess ។ កាលពីខែមុន ការផលិតប្រេងនៅទីតាំងនេះជាមធ្យមបាន ៣០០,០០០ធុង ដូចទៅនឹងទីតាំងតំបន់ធំបំផុតប្រទេសលីប៊ី Sharara ដែលជាគោលដៅចេតនាវាយប្រហារ កាត់ផ្តាច់ចរន្តផលិតជាច្រើនលើក។
នេះគឺជាការវាយប្រហារលើកទី២ លើបំពង់បង្ហូរប្រេងក្នុងរយៈពេល៥ខែចុងក្រោយ។ កាលពីលើកមុន ការជួសជុលនាំឱ្យខាតបង់ការផលិតដូចគ្នា។ ហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនការផលិតប្រេងប្រទេសលីប៊ី ជាទូទៅតែងតែជាគោលដៅការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធជាច្រើនដែលកំពុងស្វែងរកការយកឈ្នះលើគូប្រជែងក្នុងភាពចលាចលនយោបាយនៅប្រទេសលីប៊ីនាពេលបច្ចុប្បន្ននេះ។ ដោយសារតែមូលហេតុនេះ ជាកត្តាដ៏សំខាន់សម្រាប់ប្រទេសនេះត្រូវពិចារណាលើតម្លៃប្រេង៕
