យន្តហោះអ៊ីរ៉ាក់វាយប្រហារតាមអាកាសប្រឆាំងអ៊ីស្លាមក្នុងប្រទេសស៊ីរ៉ី

0

ប្រភពព័ត៌មាន Iraqinews ចុះផ្សាយថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៨

កម្លាំងប្រតិបត្តិការរួមអ៊ីរ៉ាក់ ប្រកាសវាយប្រហារប្រឆាំងសមាជិកអ៊ីស្លាមក្នុងប្រទេសស៊ីរ៉ី ហើយ ពួកគេបញ្ជាក់ថា ទីតាំងមួយចំនួនរងការបំផ្លាញទាំងស្រុង។ ក្នុងសេចក្តីថ្លែងការណ៍មួយ​នៅថ្ងៃ​ព្រហស្បតិ៍បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ជារបស់មេបញ្ជាការកងកំលាំងប្រដាប់អាវុធ  យន្ដហោះ F16​ របស់អ៊ីរ៉ាក់​វាយប្រហារតាមអាកាស​ប្រឆាំងរដ្ឋអ៊ីស្លាម​ និងវាយប្រហារលើឃ្លាំង​ផ្ទុកគ្រាប់ម៉ីស៊ីលដែលលាក់នៅតំបន់ Hegeen ក្នុងប្រទេសស៊ីរ៉ី។

យោងតាមប្រភពព័ត៌មានបឋម ប្រតិបត្តិការនេះបំផ្លាញតំបន់នោះទាំងស្រុង។ នៅដើមសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haidar al-Abadi មានប្រសាសន៍ថា កងទ័ពរៀបចំឲ្យមានសុវត្ថិភាពនៅព្រំដែនស៊ីរី និងបណ្តេញ សមាជិករដ្ឋអ៊ីស្លាមនៅតំបន់ Euphrates ខាងលើ។ លោកថែមទាំងធ្វើការណែនាំ​​ដើម្បី​ធានាឲ្យបាន ថា ព្រំដែនអ៊ីរ៉ាក់ពុំមានការជ្រៀតជ្រែកពីភេរវជន។

ព្រំដែនរវាងប្រទេសអ៊ីរ៉ាក់ និងស៊ីរី​​ស្ថិតក្រោម​​ការគ្រប់គ្រងរបស់កងយោធារួមគ្នា និងកងឆ្មាំព្រំដែន។ យន្តហោះចម្បាំងអ៊ីរ៉ាក់​ចាប់ផ្តើម​វាយ​ប្រហារ​ថ្មីតាមអាកាសប្រឆាំងនឹងទីតាំងជួរមុខរបស់សមាជិកអ៊ីស្លាមក្នុងប្រទេសស៊ីរី។ ក្នុងខែ​មេសា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haidar al-Abadi បដិសេធការធ្វើអន្តរាគមន៍កិច្ចការក្នុង​ប្រទេសស៊ីរីដោយអះអាងថាការវាយប្រហារតាមអាកាសប្រឆាំងរដ្ឋអ៊ីស្លាមនឹងមានកម្មភាពបន្ត។

ប្រទេសអ៊ីរ៉ាក់ធ្លាប់ប្រកាសបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងសមាជិករបស់ IS ក្នុងប្រទេសស៊ីរី។ ការវាយ​ប្រហារនេះកើតឡើងក្រោយពីលោក Abadi និយាយថា​ ​កងកម្លាំងសន្តិ សុខនឹងបង្ក្រាប​ពួកសកម្ម​ប្រយុទ្ធ IS ទូរទាំងតំបន់ទាំងអស់មិនត្រឹមតែក្នុងប្រទេសអ៊ីរ៉ាក់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here