ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨
អ្នកដំណើរចំនួន០៨នាក់ និងអ្នកបើកយន្តហោះចំនួន០២នាក់ ស្លាប់ក្នុងហេតុការណ៏ធ្លាក់យន្តហោះចូលភ្នំមួយ ក្នុងរដ្ឋធានីNairobi ប្រទេសកេនយ៉ានៅថ្ងៃអង្គារ នេះបើយ៉ោងតាមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនិយាយកាលពីថ្ងៃព្រហស្បតិ៍។
យន្តហោះធុនតូច Cessna Caravan ដឹកឧបករណ៍គ្រឿងម៉ាស៊ីនយន្តហោះដំណើរការដោយក្រុមហ៊ុនក្នុងស្រុក FlySax បាត់ការទាក់ទងជាមួយប្រព័ន្ធត្រួតពិនិត្យមុនពេលចុះចតនៅព្រលានយន្តហោះអន្តរជាតិ Jomo Kenyatta ខណៈដែលហោះចេញពីទីក្រុងKitale ដែលជាទីប្រជុំជនកសិកម្មភាគខាងលិច។
ក្រុមការងាររុករកតាមអាកាសប្រទះឃើញកម្ទេចកម្ទីយន្តហោះលើច្រាំងថ្មភ្នំដ៏ក្រាស់នៅជួរភ្នំ Aberdare ភាគកណ្តាលប្រទេសកេនយ៉ា នេះបើតាមសម្តីលោក Paul Maringa រដ្ឋលេខាធិការក្រសួងសារធារណការ និងដឹកជញ្ជូន។ លោក Maringa ប្រាប់សន្និសីទសារព័ត៌មានថា ក្រុមឯកទេសយោធាខាងតំបន់ភ្នំបានធ្វើ ប្រតិបត្តិការជួយសង្គ្រោះលើទីតាំងនោះ។
ក្រុមការងារទៅដល់តំបន់នោះវេលាអាហារថ្ងៃត្រង់ម៉ោងក្នុងស្រុក ហើយឃើញបំណែកយន្តហោះ និងមនុស្សទាំងនោះស្លាប់អស់ហើយ នេះបើយោងតាមប្រសាសន៍លោក Maringa ក្នុងសន្និសីទសារព័ត៌មានលើកទី២។
