ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០១៨
មេបញ្ជាការប៉ូលិសមកពីខេត្ត Diyala និយាយថា ប៉ូលិសអ៊ីរ៉ាក់រំដោះស្ត្រីហ្វីលីពីន២នាក់កាលពីថ្ងៃអាទិត្យនេះដែលត្រូវចាប់ពង្រត់កាលពីម្សិលមិញនៅលើផ្លូវតភ្ជាប់ពីរាជធានីអ៊ីរ៉ាក់ឆ្ពោះទៅកាន់ទីក្រុងឃឺដ។ គេហទំព័ររបស់អេហ្ស៊ីប Youm7 បានដកស្រង់សម្តីប្រភពចេញពីសន្តិសុខ២នាក់ដែលនិយាយថាជនរងគ្រោះទាំង២ធ្វើដំណើររួមគ្នាជាមួយជនជាតិហ្វីលីពីន៣នាក់ផ្សេងទៀតកាលពីថ្ងៃសៅរ៍ក្រោយមករថយន្តរបស់ពួកគេបានខូច។
នៅពេលនោះអ្នកទាំង២ចាកចេញពីក្នុងរថយន្ត ក្រោយមកមានបុរសដែលមិនស្គាល់អត្តសញ្ញាណដែលបើកឡានពណ៌លឿងទាញពួកគេចូលក្នុងឡាន ហើយយកពួកគេឆ្ពោះទៅកាន់កន្លែងដែលមិនស្គាល់។ គួរបញ្ជាក់ថាមានការកើនឡើងនៃអំពើហិង្សា និងការចាប់ពង្រត់ដោយពួកអ៊ីស្លាមដែលនៅសេសល់ចាប់តាំងពីអ៊ីរ៉ាក់បានប្រកាសពីការបរាជ័យនៃក្រុមភេរវករកាលពីឆ្នាំមុន។
អ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើរដ្ឋអ៊ីស្លាមកាលពីខែធ្នូ ឆ្នាំមុនដោយមានជំនួយពីសម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកដោយបានគ្រប់គ្រងលើទឹកដីទាំងអស់ដែលពួកជ្រុលនិយមបានកាន់កាប់កាលពីឆ្នាំ២០១៤ និង២០១៥។
មន្ត្រីអ៊ីរ៉ាក់តែងតែព្រមានថា ករណីចាប់ពង្រត់កំពុងប៉ះពាល់ដល់ការវិនិយោគទុននៅក្នុងប្រទេសអ៊ីរ៉ាក់ដែលករណីទាំងនេះក្លាយជាទៅជាការគំរាមកំហែងដល់ក្រុមហ៊ុន ដល់និយោជិក និងអ្នកវិនិយោគ។