
ប្រភពព័ត៌មាន Reuters ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨
រដ្ឋាភិបាលអង់គ្លេសគ្រោងនឹងបង្កើនកងទ័ពទ្វេដងក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានសំណើពីលោកប្រធានាធិបតីអាមេរិកត្រាំ ដើម្បីជួយដោះស្រាយស្ថានភាពសន្តិសុខនៅទីនោះ។ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May ប្រកាសថា រដ្ឋាភិបាលនឹងបញ្ជូនកងទ័ពបន្ថែមចំនួន៤៤០នាក់ ដែលសរុបចំនួន១.១០០នាក់ដើម្បីជួយដល់កងកម្លាំងអាហ្វហ្គានីស្ថានប្រយុទ្ធនឹងក្រុមតាលីបង់ និងពួកឧទ្ទាមរដ្ឋអ៊ីស្លាម។
កងទ័ពបន្ថែមនឹងចូលរួមបេសកកម្មដឹកនាំដោយអង្គការណាតូ។ ក្រុមនោះជួយគាំទ្រ បណ្តុះបណ្តាល និងជួយដល់កងកម្លាំងអាហ្វហ្គានីស្ថាន។ ពួកគេមានមូលដ្ឋាននៅទីក្រុងកាប៊ុល ហើយនឹងមិនមានតួនាទីប្រយុទ្ធឡើយ។ កងទ័ពអង់គ្លេសបានបញ្ចប់ប្រតិបត្តិការប្រយុទ្ធក្នុងឆ្នាំ២០១៤រួចមកហើយ។
ការប្រកាសនេះធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅប្រទេសបែលហ្ស៊ិកដែលអាចបង្វែរការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិកលោកត្រាំថាសម្ព័ន្ធមិត្តចំណាយប្រាក់ច្រើនដើម្បីការពារខ្លួន។ លោកត្រាំធ្លាប់ប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែមរាប់ពាន់នាក់ទៅប្រទេសអាហ្វហ្គានីស្ថាននៅឆ្នាំមុន ហើយស្នើសុំឱ្យប្រទេសអង់គ្លេស និងប្រទេសសម្ព័ន្ធមិត្តណាតូផ្សេងទៀតបញ្ជូនទ័ពទៅកាន់ប្រទេសនេះ។
ការបង្កើនកម្លាំងទ័ពអង់គ្លេសបាននាំមុខការបោះឆ្នោតសភានៅអាហ្វហ្គានីស្ថាននៅខែតុលាហើយត្រូវគេចាត់ទុកថាជាការធ្វើតេស្តដ៏សំខាន់មួយសម្រាប់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមួយដែលមានសង្រ្គាមអស់រយៈពេល០៤ទសវត្សមកហើយ។ កងទ័ពបន្ថែមរបស់អង់គ្លេស មានប្រភពចេញពីក្រុមសន្តិសុខវេល (Welsh Guards) ដោយកម្លាំងទ័ពពាក់កណ្តាលនឹងទៅដល់ក្នុងខែសីហា និងកម្លាំងដែលនៅសល់នឹងទៅដល់នៅខែកុម្ភៈឆ្នាំក្រោយ។
