ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨
ប្រភពសន្តិសុខមួយនិយាយកាលពីថ្ងៃចន្ទនេះថាជនស៊ីវិល២នាក់ត្រូវបានចាប់ពង្រត់ដោយពួករដ្ឋអ៊ីស្លាមនៅក្នុងខេត្ត Kirkuk។ ថ្លែងប្រាប់សារព័ត៌មាន AlSumari News ប្រភពបាននិយាយថាសមាជិករដ្ឋអ៊ីស្លាមបានធ្វើការចាប់ពង្រត់ជនស៊ីវិល២នាក់នៅលើផ្លូវ Bijik-Kirkuk ក្នុងទីក្រុង Riyad ដោយយកទៅកាន់ទីកន្លែងដែលគេមិនស្គាល់។
ប្រភពដែលមិនបញ្ចេញឈ្មោះបាននិយាយថា កងសន្តិសុខបានហ៊ុមព័ទ្ធជុំវិញកន្លែងកើតហេតុដើម្បីធ្វើការស៊ើបអង្កេត។ គួររំលឹកថាកាលពេលថ្មីៗនេះ ក្រសួងមហាផ្ទៃបានប្រកាសថាបានចាប់ខ្លួនមេដឹកនាំរដ្ឋអ៊ីស្លាម២នាក់ស្ថិតនៅក្នុងទីក្រុង Hawija ភាគនិរតីខេត្ត Kirkuk។ ចំណែកឯកាលពីថ្ងៃសៅរ៍មុនមនុស្ស២នាក់ត្រូវបានសម្លាប់ខណៈដែលជនស៊ីវិលម្នាក់បានរងរបួសនៅក្នុងហេតុការវាយប្រហារមួយដែលធ្វើឡើងដោយរដ្ឋអ៊ីស្លាមស្ថិតនៅក្នុងភូមិមួយក្នុងទីក្រុងHawija។
កាលពីសប្តាហ៍មុនឧត្តមសេនីយ៍ឯក Shaker Jawdat ប្រធានស្នងការប៉ូលិសសហព័ន្ធបាននិយាយថាក្រុមសមាជិករដ្ឋអ៊ីស្លាមតូចៗ៥នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្ត Kirkuk។ គួរបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងកងកម្លាំងចម្រុះបានចាប់ផ្តើមឡើងកាលពីខែតុលាឆ្នាំ២០១៦។
រដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលពួកវាធ្លាប់បានធ្វើកាលពីមុនឆ្នាំ២០១៤។