កងទ័ពសហរដ្ឋអាមេរិកចាប់ផ្តើមដកទ័ពចេញពីប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី VOA ចេញផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩

ក្រុមចម្រុះដឹកនាំដោយអាមេរិកនៅស៊ីរីកំពុងចាប់ផ្តើមដកទ័ពចេញពីប្រទេស។ អ្នកនាំពាក្យក្រុមចម្រុះនិយាយថា យើងចាប់ផ្តើមដំណើរការដកកងទ័ពចេញពីប្រទេសស៊ីរី ហើយដើម្បីសន្តិសុខសុវត្ថិភាព ក្រុមចម្រុះនឹងមិនផ្តល់ព័ត៌មានលម្អិតស្តីពីការចល័តទ័ពទេ។ កងទ័ពអាមេរិកមានប្រហែល២.០០០នាក់នៅស៊ីរី។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីរាយការណ៍ថាការដកទ័ពធ្វើឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍។ រថពាសដែកចំនួន១០គ្រឿង និងគ្រឿងបរិក្ខារផ្សេងៗទៀតបានមកដល់មូលដ្ឋានទ័ពal-Rmelanនៅក្នុងខេត្ត al-Hasaka។ ក្រុមនេះរាយការណ៍ផងដែរថាកងទ័ពដែលមកពីមូលដ្ឋានទ័ពផ្សេងបានមកដល់កាលពីថ្ងៃព្រហស្បតិ៍។

ទីប្រឹក្សាសន្ដិសុខជាតិអាមេរិកលោក John Bolton និយាយកាលពីថ្ងៃសុក្រថា ការចរចារវាងមន្រ្តីយោធាអាមេរិក និងកងទ័ពតួកគីនឹងបន្តជំនួសនៅសប្តាហ៍ក្រោយ។ ភាគីទាំងពីរកំពុងព្យាយាមកំណត់កិច្ចព្រមព្រៀងអំពីក្រុមឃឺដដែលជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកប្រឆាំងនឹងពួករដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី។

កាលពីដើមសប្តាហ៍នេះលោក Bolton អំពាវនាវការពារកងជីវពលស៊ីរី YPG គឺជាលក្ខខណ្ឌមួយសម្រាប់ការដកទ័ពស៊ីរីដែលធ្វើឱ្យប្រទេសតួកគីខឹងសម្បា។ ក្រោយមកប្រធានាធិបតីតួកគី Recep Tayyip Erdogan លុបចោលកិច្ចប្រជុំដែលគ្រោងជួបជាមួយនឹងលោក Bolton ។

ក្រុម YPG គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អាមេរិកក្នុងសង្គ្រាមប្រឆាំងរដ្ឋអ៊ីស្លាម។ ទោះជាយ៉ាងណាប្រទេសតួកគីចាត់ទុកក្រុម YPG ជាក្រុមភេរវករដែលភ្ជាប់ទៅនឹងការបះបោរនៅក្នុងប្រទេសតួកគីកន្លងមក។

នៅក្នុងសុន្ទរកថាលោក Bolton និយាយថា លោកប្រធានាធិបតី Donald Trump និងរដ្ឋមន្ត្រីការបរទេសលោក Mike Pompeo ធ្វើការយល់ច្បាស់ថា ប្រទេសតួកគីព្រមព្រៀង ” មិនមានការប៉ះពាល់ដល់ក្រុមឃឺដដែលជួយសហរដ្ឋអាមេរិកប្រយុទ្ធប្រឆាំងនឹងក្រុម ISIS” ។

LEAVE A REPLY

Please enter your comment!
Please enter your name here