ប្រទេសអ៊ីរ៉ាក់៖ ទាហានអ៊ីរ៉ាក់ ២នាក់ត្រូវបានសម្លាប់ និង២នាក់ទៀតរងរបួស នៅពេលដែលគ្រាប់បែកដែលបង្កប់តាមដងផ្លូវបន្សល់ទុកដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានផ្ទុះនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកាលពីថ្ងៃអាទិត្យ ទី០៤។ ហេតុការណ៍ផ្ទុះនេះបង្កឡើងដោយគ្រឿងផ្ទុះកែច្នៃដែលបន្សល់ទុកដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ខណៈកងកម្លាំងកំពុងបំពេញបេសកកម្មស្វែងរក និងត្រួតពិនិត្យនៅតំបន់ដីខ្សាច់រ៉ាវ៉ា (Rava) ភាគខាងជើង និងភាគខាងត្បូងនៃខេត្តនីណេវ៉េ(Nineveh) នេះបើតាមសេចក្តីថ្លែងការណ៍។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា បុគ្គលិកដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីព្យាបាល ហើយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់នឹងបន្តប្រតិបត្តិការតាមប្រមញ់សមាជិកភេរវករដែលនៅសេសសល់ និងធានាសន្តិសុខប្រទេសជាតិ។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីលោក អាលី អាល ហ្សាយឌី (Ali al-Zaidi) នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ និងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ បានប្រកាសជាផ្លូវការកាលពីថ្ងៃពុធ ទី៣០ ថា បេសកកម្មរបស់សម្ព័ន្ធអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ (IS) នៅប្រទេសអ៊ីរ៉ាក់ត្រូវបានបញ្ចប់។ ទោះបីអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុម IS នៅឆ្នាំ ២០១៧ ក៏ដោយ ក៏សមាជិកក្រុមនេះដែលនៅសេសសល់នៅតែបន្តធ្វើការវាយប្រហារលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល នៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ដាច់ស្រយាលនានា៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦










