ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩
យ៉ាងហោចណាស់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិ៨នាក់ត្រូវសម្លាប់ និងជាច្រើននាក់រងរបួសនៅក្នុងការវាយប្រហារដ៏ខ្លាំងក្លាមួយនៅលើមូលដ្ឋានមួយភាគឦសានប្រទេសម៉ាលីដែលមានក្រុមអាល់កៃដានិងរដ្ឋអ៊ីស្លាមជាច្រើននៅមានសកម្មភាពទីនោះ។
ហេតុការណ៍នេះកើតឡើងពេលព្រឹកថ្ងៃអាទិត្យនៅខេត្ត Kidal ភាគអាគ្នេយ៍ជិតភូមិ Aguelhok ។ សេចក្តីថ្លែងការណ៍ចេញដោយបេសកកម្មរក្សាសន្ដិភាពអង្គការសហប្រជាជាតិក្នុងប្រទេសម៉ាលីនិយាយថា ពួកសកម្មប្រយុទ្ធមួយក្រុមវាយប្រហារមូលដ្ឋានដោយប្រើ “រថយន្តប្រដាប់ដោយអាវុធជាច្រើន” ហើយវាយប្រហារដោយជោគជ័យ។
សេចក្តីថ្លែងការណ៍និយាយថាយ៉ាងហោចណាស់ទាហាន៨នាក់ដែលបំពេញបេសកកម្មស្លាប់នៅក្នុងការប៉ះទង្គិចនេះ និង”ទាហានជាច្រើនទៀត” រងរបួសដោយមិនបានបញ្ជាក់ពីចំនួនពិតប្រាកដ។ ប្រភពសន្តិសុខម៉ាលីប្រាប់ AFP ថាយ៉ាងហោចណាស់ទាហាន១៩នាក់រងរបួសនៅក្នុងហេតុការណ៍នេះ។
អត្តសញ្ញាណទាហានដែលត្រូវសម្លាប់មិនត្រូវបានបង្ហាញជាផ្លូវការ។ ទោះជាយ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់មួយចំនួនលើកឡើងថាអ្នកដែលត្រូវសម្លាប់ទាំងអស់សុទ្ធតែមកពីទាហានប្រទេស Chad។ មិនមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេប៉ុន្តែក្រុមអាល់កៃដាប្រកាសថាពួកគេបានធ្វើការវាយប្រហារពីមុន។ កងរក្សាសន្តិភាព២នាក់ត្រូវសម្លាប់នៅក្នុងការវាយប្រហារនៅលើមូលដ្ឋាននេះនៅក្នុងខែមេសាឆ្នាំ២០១៨។
អគ្គលេខាធិការពិសេសតំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសម៉ាលីលោក Mahamat Saleh Annadif ថ្កោលទោសចំពោះការវាយប្រហារនេះ ហើយនិយាយថាវាទាមទារឱ្យមានការឆ្លើយតបដ៏រឹងមាំភ្លាមៗនិងរួមគ្នាពីកងកម្លាំងទាំងអស់ដោយបន្ថែមថា MINUSMA នឹងមិនអនុញ្ញាតឱ្យអំពើឃោឃៅនេះមិនត្រូវបានផ្តន្ទាទោសទេ។