ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសស៊ីរីត្រូវតែបញ្ចប់។ អ្នកការទូតរូបនេះនិយាយថា ការវាយប្រហារស្វ័យប្រវត្តិលើទឹកដីរដ្ឋអធិបតេយ្យ ក្នុងករណីនេះស៊ីរីត្រូវតែបញ្ចប់។
លោក Zakharova សង្កត់ធ្ងន់ថា “យើងជឿជាក់ថា ការជំរុញអរិភាពនៅក្នុងតំបន់នេះមិនឆ្លើយតបនឹងផលប្រយោជន៍ជាតិរយៈពេលវែងសម្រាប់ប្រទេសមជ្ឈឹមបូព៌ាទាំងអស់រួមទាំងប្រទេសអ៊ីស្រាអែល”។ “យើងគួរតែការពារ ប្រទេសស៊ីរីដែលរងគ្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយពីជម្លោះប្រដាប់អាវុធទៅជាទីលានដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយ” ។
អ្នកការទូតអំពាវនាវឱ្យមានការគិតអំពីផលវិបាកនៃការបង្កើតភាពតានតឹងថ្មីនៅមជ្ឈឹមបូព៌ា។ នៅថ្ងៃទី២០ ខែមករា ទីភ្នាក់ងារសារព័ត៌មានSANA ស៊ីរីរាយការណ៍ថា ប្រព័ន្ធការពារផ្លូវអាកាសរបស់ស៊ីរីរារាំងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេស។ នៅថ្ងៃដដែលនោះអ៊ីស្រាអែលប្រកាសថា ពួកគេស្ទាក់ចាប់គ្រាប់រ៉ុកកែតមួយគ្រាប់នៅតំបន់ Golan Heights ។
នៅថ្ងៃបន្ទាប់ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ទាហានស៊ីរីចំនួន៤នាក់ស្លាប់ និងទាហានចំនួន៦នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនៅអាកាសយានដ្ឋាន Damascus ហើយទីនោះរងការខូចខាត។ ប្រព័ន្ធការពារផ្លូវអាកាសស៊ីរីបំផ្លាញមីស៊ីល និងគ្រាប់បែកអ៊ីស្រាអែលមានចំនួនច្រើនជាង៣០ គ្រាប់។ នៅថ្ងៃទី១៣ ខែមករា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងថា ក្រុង Tel Aviv ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនការវាយប្រហារលើស្ថានទូតអ៊ីរ៉ង់ក្នុងប្រទេសស៊ីរីដើម្បីរារាំងកិច្ចប្រឹងប្រែងរបស់ក្រុង Tehran ក្នុងការបង្កើនកម្លាំងយោធាកាន់កាប់នៅប្រទេសស៊ីរី។