ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩
ប្រធានាធិបតីទួរគីលោក Tayyip Erdogan សន្យានៅថ្ងៃច័ន្ទថា លោកនឹងលុបបំបាត់ពួកសកម្មប្រយុទ្ធទាំងអស់របស់អង្គការភេរវករអ៊ីស្លាម (IS នៅក្រៅច្បាប់ក្នុងប្រទេសរុស្ស៊ី)នៅប្រទេសស៊ីរីក្នុងពេលឆាប់ៗខាងមុខនេះ ដោយមេដឹកនាំទួរគីមានប្រសាសន៍ក្នុងសុន្ទរកថានៅអ៊ីស្តង់ប៊ុលដែលផ្សាយដោយទូរទស្សន៍ NTV ។
លោកមានប្រសាសន៍ថា “ប្រទេសទួរគីនឹងបំផ្លាញក្រុម Daesh ក្នុងពេលឆាប់ៗ ហើយយើងនឹងបង្កើតនូវស្ថិរភាព និងសន្តិភាពនៅលើទឹកដីភាគខាងកើតទន្លេអឺប្រាតនៅថ្ងៃអនាគត”។ លោក Erdogan បញ្ជាក់ថាប្រទេសទួរគីមិនត្រឹមតែគាំទ្រ ការរារាំងអង្គការភេរវកម្មនោះទេ ប៉ុន្តែថែមទាំងកំពុងអនុវត្តន៍កិច្ចខិតខំប្រឹងប្រែងសំខាន់ដើម្បីកាត់បន្ថយផលប៉ះពាល់វិបត្តិមនុស្សធម៌ដែលកើតឡើងក្នុងជម្លោះនៅប្រទេសស៊ីរីផងដែរ។
ទីក្រុង Ankara មានបំណងបង្កើតតំបន់សុវត្ថិភាពនៅប្រទេសជិតខាងដើម្បីឱ្យជនភៀសខ្លួនស៊ីរីចំនួន៤លាននាក់ដែលរស់នៅក្នុងប្រទេសទួរគីអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ នៅថ្ងៃទី១៥ ខែមករា ក្រោយពីមានកិច្ចចរចាជាមួយប្រធានាធិបតី Donald Trump លោក Erdogan បញ្ជាក់ពីចេតនាបង្កើតតំបន់សន្តិសុខនៅភាគខាងជើងប្រទេសស៊ីរី។
ទីក្រុង Ankara ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សន្តិសុខនៅលើដី និងសម្រាប់កម្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងលំហអាកាសខាងលើ។ សេចក្តីថ្លែងការណ៍នោះនិយាយថា លោក Ibrahim Kalinលេខាធិការសារពត៌មានប្រធានាធិបតីទួរគីបញ្ជាក់ថា ក្នុងករណីបង្កើតតំបន់សន្តិសុខ ប្រទេសទួរគីនឹងគ្រប់គ្រងតំបន់នោះ។
ការពិភាក្សាគ្នាដើម្បីបង្កើតតំបន់សុវត្ថិភាពមួយក្នុងប្រទេសស៊ីរីចាប់ផ្តើមនៅឆ្នាំ ២០១៣ ។ ក្រោយមកក៏មានជម្រើសបង្កើតតំបន់គ្មានយន្តហោះ និងតំបន់សន្តិសុខនៅលើទឹកដីប្រទេសស៊ីរីដែលអាចផ្តល់ទីជំរកដល់ជនភៀសខ្លួនត្រូវគេសិក្សា។