ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩
ប្រទេសលោកខាងលិចមួយចំនួនកំពុងធ្វើការគាំទ្រដល់ក្រុមភេរវជន Hay’at Tahrir al-Sham (គេស្គាល់ថាជា Jabhat al-Nusra ដែលខុសច្បាប់នៅប្រទេសរុស្ស៊ី) ដើម្បីរារាំងការអនុវត្តកិច្ចព្រមព្រៀងរបស់ប្រទេសទួរគី និងរុស្ស៊ីទាក់ទងនឹងខេត្តអ៊ីដលីបក្នុងប្រទេសស៊ីរី។
រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរបស់ Demiroren ។ លោកមានប្រសាសន៍ថា “បណ្តាប្រទេសលោកខាងលិចមួយចំនួនកំពុងលើកទឹកចិត្តដល់ពួកសកម្មប្រយុទ្ធ Hay’at Tahrir al-Sham ដើម្បីស្វែងរកការបំផ្លាញអនុស្សរណៈលើខេត្តអ៊ីដលីប។
លោកបន្តថា ពួកគេត្រូវបានគាំទ្រជាលុយកាក់ ហើយ“ខ្ញុំមិនគិតថា Hay’at Tahrir al-Sham កំពុងពង្រឹងជំហររបស់ខ្លួន។ ពួកគេត្រូវចាកចេញពីតំបន់មួយចំនួនក្នុងប្រទេសស៊ីរី ប៉ុន្តែឥឡូវនេះពួកគេកំពុងព្យាយាមវិលត្រឡប់មកទីនោះវិញ”។ ទោះជាយ៉ាងណាក៏ដោយ អ្នកការទូតជាន់ខ្ពស់ប្រទេសទួរគីមិនបានបញ្ជាក់ឱ្យច្បាស់ថា ប្រទេសណាមួយកំពុង ផ្តល់ការគាំទ្រដល់ពួកជ្រុលនិយមទេ។
លោកប្រធានាធិបតីទួរគី Recep Tayyip Erdogan មានប្រសាសន៍ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូនៅថ្ងៃទី២៣ ខែមករា ដែលទីក្រុងអង់ការ៉ាមានគម្រោងបន្តប្រយុទ្ធប្រឆាំងនឹងភេរវករក្នុងខេត្តអ៊ីដលីប។ អង្គភាពប្រដាប់អាវុធខុសច្បាប់នៅតែគ្រប់គ្រងតំបន់នោះ ។
តំបន់គ្មានជម្លោះមួយត្រូវបង្កើតឡើងនៅទីនោះក្នុងឆ្នាំ២០១៧ ដែលនាំឱ្យក្រុមសកម្មប្រយុទ្ធធ្វើការទម្លាក់អាវុធ និងធ្វើការផ្សះផ្សាជាមួយអាជ្ញាធរស៊ីរីក្នុងការចាកចេញពីទីនោះជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ។ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំទួរគីក្នុងកិច្ចប្រជុំនៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១៨ ព្រមព្រៀងបង្កើតតំបន់គ្មានយោធាមួយតាមបណ្ដោយទំនាក់ទំនងនៅខេត្តអ៊ីដលីប ដែលមានចម្ងាយពី១៥-២០ គីឡូម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយក្រុងអាងការ៉ាស្នើសុំពេលវេលាបន្ថែមទៀតមុនពេលមានការល្បាតរួមគ្នា ខណៈដែលកម្លាំងទួរគីមិនទាន់ អាចធានាសុវត្ថិភាពបានទេ។
