ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩
ប្រភពសន្តិសុខនិយាយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់សម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់កាលពីថ្ងៃអាទិត្យនេះ និងចាប់ខ្លួនមនុស្ស៣នាក់ផ្សេងទៀតនៅក្នុងប្រតិបត្តិការសន្តិសុខក្នុងរដ្ឋធានីMosul។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់NINA ប្រភពនិយាយថាអ្នកវាយប្រហារអត្តឃាតគ្រោងធ្វើការវាយប្រហារភេរវកម្មលើស្រុកal-Ba’aj ស្ថិតនៅភាគខាងលិចរដ្ឋធានីMosulដោយប្រើប្រាស់គ្រាប់បែកខ្សែក្រវ៉ាត់។
ប្រភពប្រាប់ឲ្យដឹងទៀតថាមានស្រ្តីម្នាក់ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន។ គួររំលឹកថាអតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi ប្រកាសកាលពីខែកក្កដាឆ្នាំ២០១៧ថារំដោះបានរដ្ឋធានីMosul ដែលជារដ្ឋធានីធំទីពីររបស់អ៊ីរ៉ាក់ចេញពីពួកសកម្មប្រយុទ្ធIS កាន់កាប់កាលពីឆ្នាំ២០១៤កន្លងមក។
ក្រុមសកម្មប្រយុទ្ធជាង២៥,០០០នាក់ត្រូវសម្លាប់នៅក្នុងយុទ្ធនាការនេះដែលបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦។ ក្រុមរដ្ឋអ៊ីស្លាមបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិកាលពីឆ្នាំ២០១៤ នៅពេលនោះក្រុមនេះបានរឹបអូសយកដែនដីធំៗនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដោយប្រកាសការបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរដ្ឋធានីMosul។
ក្រោយមកទៀតក្រុមនេះក្លាយជាក្រុមល្បីល្បាញខាងអំពើឃោរឃៅរួមទាំងការសម្លាប់រង្គាលការចាប់ពង្រត់ និងការកាត់ក្បាលមនុស្សដែលជាហេតុជំរុញឲ្យសហរដ្ឋអាមេរិកដឹកនាំកងកម្លាំងចម្រុះអន្តរជាតិដើម្បីកម្ទេចក្រុមនេះចោល។ បើទោះបីជាក្រុមនេះបានទទួលការបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។