ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩
តុលាការអ៊ីរ៉ាក់កាត់ទោសប្រហារជីវិតលើបុរស៣នាក់ដោយចោទប្រកាន់ពីបទបំផ្ទុះគ្រាប់បែកនៅទីសក្ការបូជាសាសនាស៊ីអ៊ីតមួយស្ថិតនៅរដ្ឋធានីបាដាដ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាតុលាការកំពូលកាលពីថ្ងៃអាទិត្យនេះបានឲ្យដឹងថាតុលាការព្រហ្មទណ្ឌស៊ើបអង្កេតលើករណីជនជាប់ចោទ៣នាក់ដែលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកលើទីសក្ការបូជាសាសនាស៊ីអ៊ីតក្នុងរដ្ឋធានីបាដាដដែលជាការវាយប្រហារដែលធ្វើឲ្យមានអ្នកស្លាប់ជាច្រើននាក់។
សេចក្តីថ្លែងការណ៍ប្រាប់ឲ្យដឹងថាអ្នកទាំងបីបានសារភាពថាបានបង្កើតអំពើភេរវកម្មមួយក្នុងគោលបំណងសំដៅទៅលើជនស្លូតត្រង់ និងបានបន្ថែមទៀតថាការកាត់ទោសប្រហារជីវិតលើបុរសទាំងបីនាក់នេះត្រូវបានធ្វើឡើងយោងទៅតាមមាត្រា៤នៃច្បាប់ប្រឆាំងនឹងអំពើភេរវកម្ម។
គួរបញ្ជាក់ថាតុលាការអ៊ីរ៉ាក់ផ្តន្ទាទោសលើសមាជិករដ្ឋអ៊ីស្លាមជាច្រើននាក់រួមមានទាំងសមាជិកជាស្រ្តីជាច្រើននាក់ដែលបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធផងដែរ។ ចំនួនពិតប្រាកដនៃពួកសកម្មប្រយុទ្ធដែលកំពុងជាប់ឃុំឃាំងនៅតែមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាត្រូវបានប៉ាន់ប្រមាណថាមានចំនួនរាប់ពាន់នាក់។
វាក៏មិនច្បាស់ថាតើមានសមាជិកប៉ុន្មាននាក់ដែលនឹងប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនោះទេ។ ក្រុមសិទិ្ធមនុស្សតែងតែរិះគន់ទោសប្រហារជីវិតដែលធ្វើឡើងដោយតុលាការអ៊ីរ៉ាក់ ដោយបានអះអាងថាជនជាប់ឃុំខ្លះត្រូវបានធ្វើទារុណកម្ម និងមានការគំរាមកំហែង។
