ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩
មន្ត្រីឥណ្ឌានិយាយថាយោធាប៉ុស្តិ៍ជួរមុខប៉ាគីស្ថានចំនួន៧កន្លែងនៅទូទាំងតំបន់កាស្មៀរត្រូវពួកគេបំផ្លាញ ហើយនេះជាការតបតចំពោះការបាញ់ផ្លោងឆ្លងព្រំដែន។ ប៉ាគីស្ថានបញ្ជាក់ ថា ទាហានរបស់ខ្លួនចំនួន៣នាក់ត្រូវសម្លាប់ក្នុងសមរភូមិប្រយុទ្ធនៅតំបន់កាស្មៀរ។ ការវាយប្រហារទៅលើប៉ុស្តិ៍យោធាប៉ាគីស្ថានកើតឡើងនៅមួយថ្ងៃក្រោយពីមនុស្សចំនួន៣នាក់ស្លាប់ និងពីរនាក់ផ្សេងទៀតរងរបួសដោយសារការបាញ់ផ្លោងរបស់ប៉ាគីស្ថានកំណត់គោល ដៅលើតំបន់តាមបណ្តោយខ្សែរបន្ទាត់ព្រំដែន (LoC) ។
ប្រទេសឥណ្ឌាអះអាងថាពួកគេ វាយប្រហារលើប៉ុស្តិ៍យោធាចំនួន៧ កន្លែងក្នុងតំបន់ Rakhchikri និង Rawalakote នៅតំបន់កា ស្មៀរ ដែលគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន។ អ្នកទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) របស់ប៉ាគីស្ថានទទួលស្គាល់នៅថ្ងៃអង្គារថា ទាហានរបស់ពួកគេចំនួន៣នាក់ត្រូវភាគីឥណ្ឌាសម្លាប់។
ទីភ្នាក់ងារនេះអះអាងថា កងទ័ពប៉ាគីស្ថានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះការវាយប្រហារនិងបង្ករឱ្យមានជនរងគ្រោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ឧបទ្ទវហេតុនេះបង្ហាញពីការផ្ទុះឡើងនូវអំពើហឹង្សាឆ្លងកាត់ព្រំដែនក្រោយពីមានភាពស្ងប់ស្ងាត់បានប៉ុន្មានសប្តាហ៍នៅតាមបណ្ដោយព្រំដែន LoC។
ភាពតានតឹងរវាងគូប្រដាប់អាវុធនុយក្លេអ៊ែរឈានដល់ចំណុចក្តៅ ក្រោយពីមានការវាយប្រហារអត្តឃាតសម្លាប់ទាហានឥណ្ឌាចំនួន៤០នាក់នៅផ្នែកតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាក្នុងខែកុម្ភៈ។ប្រទេសឥណ្ឌាបន្ទោសដល់ក្រុមភេរវករអ៊ីស្លាមដែលមានមូលដ្ឋានក្នុងប្រទេសប៉ាគីស្ថានសម្រាប់ការវាយប្រហារ និងបើកការវាយឆ្មក់តាមព្រំដែនឆ្លងដែនប្រឆាំងនឹងក្រុមបះបោរ។
ប្រតិបត្តិការនេះបង្កឱ្យមានការប្រយុទ្ធគ្នារយៈពេលខ្លីរវាងឥណ្ឌានិងប៉ាគីស្ថានដោយក្រុងញូវដេលីអះអាងថា ពួកគេបាញ់ទម្លាក់យន្តហោះប៉ាគីស្ថាន ហើយពួកគេក៏សារភាពថា ពួកគេបាត់បង់យន្តហោះចម្បាំង Mig-21។ ភាពតានតឹងមានសភាពស្ងប់ស្ងាត់វិញក្រោយពីប្រទេស ប៉ាគីស្ថានដោះលែងអ្នកបើកបរយន្តហោះឥណ្ឌាដែលគេចាប់ខ្លួនអំឡុងពេលមានការប៉ះទង្គិចគ្នានោះ។
