ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩
កងទ័ពជាតិលីប៊ីរបស់ឧត្ដមសេនីយ៍ Khalifa Haftar អះអាងថាពួកគេបាញ់ទម្លាក់យន្ដហោះ ធុនស្រាលមួយគ្រឿងដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលនៅរដ្ឋទ្រីប៉ូលី(Tripoli) នេះយោងតាមប្រភពព័ត៌មានពី (GNA) រាយការណ៍ចេញពីក្រុង Misrata ។ អ្នកនាំពាក្យរបស់កម្លាំង LNA លោក Ahmed Mismari ប្រាប់ក្រុមអ្នកសារព័ត៌មានអំពីឧបទ្ទវហេតុនេះក្នុងសន្និសីទសារ ព័ត៌មានមួយនៅថ្ងៃពុធ។
គាត់មិនបញ្ជាក់ពីប្រភេទយន្តហោះនេះទេ ដោយគ្រាន់តែអះអាងថា យន្តហោះហោះចេញពីទីក្រុង Misrata ដែលគ្រប់គ្រងដោយ GNA ហើយត្រូវគេបាញ់ធ្លាក់ ទៅលើក្រុងទ្រីប៉ូលី។ របាយការណ៍មួយផ្សេងទៀតដែលមិនបញ្ជាក់ប្រភពបង្ហាញថា វាគឺជា យន្តហោះហ្វឹកហ្វឺន Aero L-៣៩ Albatros ជាយន្តហោះបណ្តុះបណ្តាលផលិតដោយប្រទេស ឆេក។ ជាជាញឹកញាប់ យន្តហោះនោះត្រូវគេប្រើនៅក្នុងការវាយប្រហារទៅលើដី។
កងកម្លាំងរបស់លោក Haftar គ្រប់គ្រងជិត ៨០ ភាគរយនៃប្រទេសលីប៊ី ហើយនៅសប្តាហ៍មុនចលនាប្រឆាំងនឹងយោធាក្នុងការគាំទ្រ GNA នៅភាគខាងលិចប្រទេសហៅពួកគេ (កងកម្លាំងរបស់លោក Haftar ) ថា ជាក្រុមប្រដាប់អាវុធខុសច្បាប់។ នៅពេលកងកម្លាំង LNA មានចំនួនកើន ឡើងចំណែកកងកម្លាំងសហរដ្ឋអាមេរិកដែលនៅសេសសល់ក្នុងប្រទេសលីប៊ីដកខ្លួនចេញពីរដ្ឋទ្រីប៉ូលី។
មានរបាយការណ៍ខុសគ្នាលើការគ្រប់គ្រងប៉ុស្តិ៍ត្រួតពិនិត្យ និងការបាត់បង់ដោយសាការវាយប្រហារតាមអាកាសរបស់ភាគីទាំងពីរនៅក្នុងតំបន់។ ការប៉ះទង្គិចគ្នានាំឱ្យ មានការលុបចោលសន្និសីទសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិដែលនោះជាការព្យាយាមចរចាការរៀបចំចែករំលែកអំណាចរវាងក្រុម LNA និង GNA (កម្លាំងរបស់មេដឹកនាំដែលគេទទួលស្គាល់ជាអន្តរជាតិនាយករដ្ឋមន្ត្រីលោក Fayez al-Sarraj ដែលកំពុងគ្រប់ គ្រងទឹកដីតិចជាង ៨ ភាគរយនៃទឹកដីលីប៊ី)។
ធ្លាប់តែជាប្រទេសមួយដ៏រីកចម្រើនបំផុតនៅ អាហ្រ្វិក ពេលនេះប្រទេសលីប៊ីធ្លាក់ទៅក្នុងភាពវឹកវរ និងកើតសង្គ្រាមស៊ីវិលក្នុងឆ្នាំ២០១១ នៅពេលដែលអង្គការណាតូគាំទ្រពួកឧទ្ទាមអ៊ីស្លាមនិយមក្នុងការផ្ដួលរំលំ និងធ្វើឃាតឃាត យ៉ាងឃោរឃៅទៅលើមេដឹកនាំយូរអង្វែងរបស់ប្រទេសនេះលោកវរសេនីយ៍ឯក Muammar Gaddafi ៕
