ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩
កាលពីថ្ងៃអាទិត្យនេះកងកម្លាំងស៊ើបការណ៍យោធាអ៊ីរ៉ាក់ចាប់ខ្លួនក្រុមភេរវករអ៊ីស្លាមចំនួន៦ នាក់ក្នុងអំឡុងពេលយុទ្ធនាការសន្តិសុខមួយដែលធ្វើឡើងនៅក្នុងទីក្រុងMosul។
វេបសាយពត៌មានAlmaalomah ដកស្រង់សេចក្តីថ្លែងការណ៍របស់នាយកដ្ឋានស៊ើបអង្កេតយោធានិយាយថា ការធ្វើសកម្មភាពលើព័ត៌មានពីមន្រ្តីចារកម្ម និងកងកម្លាំងស៊ើបអង្កេតរបស់យោធាចាប់ផ្តើមយុទ្ធនាការសន្តិសុខមួយដើម្បីតាមដានរកភេរវករអ៊ីស្លាមដែលស្ថិតនៅក្នុងស្រុកMakhmour ក្នុងទីក្រុងMosul។
សេចក្តីថ្លែងការណ៍ប្រាប់ឱ្យដឹងទៀតថា យុទ្ធនាការនេះនាំឱ្យមានការចាប់ខ្លួនពួកភេរវជន៦នាក់ដែលបានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងសន្តិសុខ។ គួររំលឹកថាអតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោកHaider al-Abadi បានប្រកាសកាលពីខែកក្កដាឆ្នាំ២០១៧ថា រំដោះបានទីក្រុងMosul ធំទីពីររបស់អ៊ីរ៉ាក់ចេញពីពួកសកម្មប្រយុទ្ធIS ដែលបានកាន់កាប់កាលពី ឆ្នាំ២០១៤កន្លងមក។
ក្រុមសកម្មប្រយុទ្ធជាង២៥,០០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការនេះដែលបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦។ យុទ្ធនាការនេះមានការគាំទ្រដោយទាហានប៉ារ៉ា និងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។ ប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការដណ្ដើមយកការកាន់កាប់ឡើងវិញលើទីក្រុងRawa ដែលជាទីក្រុងមួយស្ថិតនៅតាមបណ្តោយព្រំដែនភាគខាងលិចរបស់ខេត្តAnbar ជាមួយនឹងស៊ីរីដែលជាទីប្រជុំជនចុងក្រោយរបស់ក្រុមនេះនៅក្នុងប្រទេសអ៊ីរ៉ាក់។
បើទោះបីជាក្រុមនេះបានទទួលការបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។