ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩
យ៉ាងហោចណាស់មានមនុស្ស២៦នាក់ស្លាប់ បន្ទាប់ពីទូកនេសាទលិច នៅឯនាយឆ្នេរប្រទេសហុងដូរ៉ាស។ មានមនុស្ស៤៧នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះពីនាវាដែលលិចនៅតំបន់ភាគខាងកើតតំបន់ Mosquitia នៅលើឆ្នេរសមុទ្រ Caribbean។ ទូកទម្ងន់៧០តោនដែលមានសុទ្ធតែអ្នកនេសាទនៅក្នុងនោះ បន្ទាប់ពីរដ្ឋាភិបាលដកបំរាមរដូវហាមឃាតលើការនេសាទត្រី។ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយថាមូលហេតុអ្វីដែលបណ្តាលឱ្យមានគ្រោះថ្នាក់នេះ ខណៈដែលការស៊ើបអង្កេតបានចាប់ផ្តើមផងដែរ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប្រធានក្រុមបើកទូកបញ្ជូនសញ្ញាអាសន្ន SOS ក៏ប៉ុន្តែក្រោយមកក៏បញ្ចប់ភ្លាមៗនោះផងដែរ។ លោក Jose Meza អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា សាកសព និងអ្នករស់រានមានជីវិតនឹងត្រូវបញ្ជូនទៅកាន់ទីក្រុង Puerto Lempira ក្បែរនោះផងដែរ។ លោកបន្តទៀតថា មុនពេលគ្រោះថ្នាក់នេះបន្តិច កាលពីថ្ងៃពុធទូកមួយទៀតដែលមានមនុស្សច្រើនពេកលិច នៅក្នុងតំបន់ដូចគ្នាផងដែរ។ យ៉ាងហោចណាស់មានមនុស្ស៤០នាក់ ត្រូវបានជួយសង្គ្រោះនៅក្នុងករណីនោះ ហើយគ្មានការរាយការណ៍ថាមានមនុស្សស្លាប់នោះទេ៕