ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩
យោងតាមការរាយការណ៍បានឱ្យដឹងថាគេព្រួយបារម្ភថាយ៉ាងហោចណាស់មានជនអន្តោប្រវេសន៍ចំនួន៨០នាក់ស្លាប់ បន្ទាប់ពីទូកមួយលិចនៅឆ្នេររបស់ប្រទេសទុយណេស៊ី។ របាយការណ៍បានបង្ហាញថាមានមនុស្ស៤នាក់ត្រូវគេជួយសង្គ្រោះពីនាវាលិចក្នុងទឹកនៅក្បែរទីប្រជុំ Zarzis ប៉ុន្តែជនរងគ្រោះម្នាក់ស្លាប់នៅមន្ទីរពេទ្យផងដែរ។ ជនជាតិម៉ាលី៣នាក់ត្រូវជួយសង្គ្រោះ ដែលពួកគេចាកចេញពីទីក្រុង Zuwara ប្រទេសលីប៊ី។ ប្រទេសនេះគឺជាកន្លែងចាប់ផ្តើមដ៏សំខាន់ សម្រាប់ជនអន្តោប្រវេសន៍សង្ឃឹមថានឹងអាចធ្វើដំណើរទៅដល់សហគមន៍អឺរ៉ុប។ ជនចំណាកស្រុកម្នាក់ដែលគេជួយសង្គ្រោះប្រាប់សារព័ត៌មានរ៉យទ័រថា ទូកចំណាយពេល៣ម៉ោង ហើយលិចដោយសារទឹកចូល។ អ្នកទាំង៤នាក់ដែលគេជួយសង្គ្រោះបានគឺដោយសារឱបអង្កត់ឈើដែលទាញចេញពីទូក។ បុរសម្នាក់និយាយថា យើងទាំង៤នាក់អង្គុយនៅលើអង្កត់ឈើ។ រលកបោកមកលើពួកគាត់។ ពួកគាត់អង្គុយនៅលើអង្កត់ឈើនោះរយៈពេល២ថ្ងៃ។ លោកបានបន្ថែមថា មានមនុស្សស្លាប់ជាច្រើនផងដែរ។ ប្រទេសលីប៊ីត្រូវបំផ្លិចបំផ្លាញដោយអំពើហឹង្សា និងបែកបាក់ចាប់តាំងពីមេដឹកនាំ លោកមូអាម៉ា កាដាហ្វី ត្រូវគេទម្លាក់និងសម្លាប់កាលពីឆ្នាំ២០១១មកម្លេះ។ មានជនចំណាកស្រុករាប់ពាន់នាក់ដែលភាគច្រើនមកពីតំបន់ Sub-Saharan Africa កំពុងឃុំឃាំងនៅក្នុងជំរុំក្នុងប្រទេសមួយនេះ។ កាលពីថ្ងៃពុធមានជនអន្តោប្រវេសន៍យ៉ាងហោចណាស់៥៣នាក់ត្រូវសម្លាប់នៅពេលដែលមជ្ឈមណ្ឌលឃុំឃាំងនៅក្នុងក្រុង Tripoli រងការវាយប្រហារតាមអាកាស។ កាលពីខែឧសភាមានមនុស្សយ៉ាងហោចណាស់៦៥នាក់លង់ទឹកស្លាប់ នៅពេលទូកចាកចេញពីប្រទេសលីប៊ី ហើយបានលិចនៅឆ្នេរសមុទ្រទុយនីស៊ី៕