ប្រភព័ត៌មាន RT ផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩
ការវាយប្រហារដោយបំផ្ទុះគ្រាប់បែករថយន្តរបស់ក្រុមតាលីបង់ធ្វើឡើងនៅការិយាល័យស៊ើបអង្កេតអាហ្វហ្កានីស្ថានក្នុងទីក្រុងហ្គាហ្សនី។ ហេតុការណ៍នោះសម្លាប់ជនស៊ីវិល៦នាក់ និងបុគ្គលិកសន្តិសុខ៨នាក់ និងបណ្តាលឱ្យមនុស្ស១៤០នាក់ផ្សេងទៀតរងរបួស។ មន្ត្រីនិយាយថា ក្នុងចំណោមមនុស្សទាំងនោះមានក្មេងម្នាក់ស្លាប់ក្នុងការវាយប្រហារ ហើយយ៉ាងហោចណាស់មានកុមារ ២៧នាក់រងរបួស។ លោក Zaher Shah Nekmal ប្រធានមណ្ឌលសុខភាពនៅទីក្រុងហ្គាហ្សនី មានប្រសាសន៍ថាចំនួនអ្នកស្លាប់អាចកើនឡើងព្រោះនេះមិនមែនជារបាយការណ៍ចុងក្រោយទេ។ ក្រុមតាលីបង់អះអាងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនេះ ដោយពួកគេនិយាយថា ការបំផ្ទុះនោះសម្លាប់ឬធ្វើឱ្យមន្ត្រី NDS ចំនួនរាប់សិបនាក់រងរបួស។ ការវាយប្រហារនៅថ្ងៃអាទិត្យកើតឡើងចំពេលមានកិច្ចចរចាសន្តិភាពរវាងក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលកំពុងដំណើរការនៅប្រទេសកាតា។ ស្ថានភាពសន្តិសុខក្នុងប្រទេសអាហ្វហ្គានីស្ថានកំពុងថមថយនាពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថាកាលពីសប្តាហ៍មុនក្រុមតាលីបង់វាយប្រហារនៅស្ថានទូតអាមេរិក និងស្ថានទូតអង់គ្លេសក្នុងក្រុងកាប៊ុលធ្វើឱ្យមនុស្សប្រមាណជា៥០នាក់រងរបួស៕