ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩
យោធាអ៊ីរ៉ាក់និយាយកាលពីថ្ងៃអាទិត្យនេះថាកងកម្លាំងរបស់ខ្លួនបានសម្លាប់ពួកភេរវកររដ្ឋអ៊ីស្លាម២នាក់នៅក្នុងប្រតិបត្តិការយោធាមួយស្ថិតនៅក្នុងខេត្ត Nineveh។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលផ្សាយដោយបណ្តាញទូរទស្សន៍ Al Sumaria News បានឱ្យដឹងកងកម្លាំងចលនានិយមដែលគាំទ្ររដ្ឋាភិបាលបានស្លាប់ពួកសកម្មយុទ្ធរបស់ក្រុមភេរវកររដ្ឋអ៊ីស្លាម២នាក់នៅក្នុងស្រុក al-Ba’aj ខេត្ត Nineveh។ ប្រតិបត្ដិការយោធានេះបានចាប់ផ្តើមនៅព្រឹកព្រលឹមថ្ងៃអាទិត្យដើម្បីតាមដានស្វែងរកពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់ក្នុងខេត្ត Salahuddin និងខេត្ត Anbar ដែលជាខេត្តស្ថិតនៅលើព្រំដែនរបស់ប្រទេសនេះជាមួយស៊ីរី។ គួររំលឹកថាប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញនូវទីក្រុង Rawa ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចខេត្ត Anbar ជាមួយនឹងប្រទេសស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ ក្រុម IS បានប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាបានចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលបានគ្រប់គ្រងដោយពួក IS និងធ្វើការកាន់កាប់ឡើងវិញទាំងអស់លើទីជម្រកទាំងឡាយរបស់ពួក IS ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងម៉ូស៊ូល ដែលជាទីក្រុងដែលក្រុមនេះធ្លាប់បានប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីពេលកន្លងមក៕