ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩
ជំនួយមនុស្សធម៌មកពីប្រទេសរុស្ស៊ីត្រូវគេបញ្ជូនទៅឱ្យអ្នកស្រុក Hamuria នៅភាគខាងកើតតំបន់ Ghouta។ ទីនោះធ្លាប់ត្រូវពួកសកម្មប្រយុទ្ធកាន់កាប់ ហើយត្រូវកម្លាំងរដ្ឋាភិបាលដណ្តើមយកមកវិញអំឡុងពេលមានជម្លោះក្នុងប្រទេសស៊ីរី។ លោក Sergei Maloletko អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាក្នុងប្រទេសស៊ីរីមានប្រសាសន៍ថា កងទ័ពរបស់រុស្ស៊ីចែកចាយស្បៀងអាហារចំនួនជាង ២,០០០កញ្ចប់ដែលជាម្ហូបអាហារមូលដ្ឋានមានដូចជាសាច់កំប៉ុង អង្ករ ម្សៅ ស្ករ និងតែ។ យ៉ាងហោចណាស់មានគ្រួសារចំនួន ៥០០គ្រួសារទទួលបានជំនួយពីប្រទេសរុស្ស៊ី។ អ្នកដែលមកទទួលជំនួយពីរុស្ស៊ីគឺជាស្ត្រី។ ស្ត្រីក្នុងតំបន់ម្នាក់និយាយថា “ប្តីរបស់ខ្ញុំ និងកូនប្រុសរបស់ខ្ញុំម្នាក់ស្លាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ហើយសំណាងល្អឥឡូវនេះស្រុក Hamuria វិលត្រឡប់ទៅរកសន្តិភាពវិញ។ ខ្ញុំជាគ្រូបង្រៀន ហើយខ្ញុំនឹងចាប់ផ្តើមបង្រៀនកូនក្មេងនៅខែកញ្ញា។ យើងពិតជាសូមថ្លែងអំណរគុណចំពោះជំនួយម្ហូបអាហារ”។ អ្នកស្រុកម្នាក់ទៀតរៀបរាប់អំពីស្ថានភាពក្នុងតំបន់ថា “យើងគ្មានអាហារទេ។ យើងអាចរស់បានអាស្រ័យលើជំនួយពីរដ្ឋាភិបាលស៊ីរីផ្តល់ឱ្យប៉ុណ្ណោះ”។ អ្នកស្រី បន្ថែមថា “អ្នកស្រុក Hamuria ភាគច្រើនគឺជាស្រ្តី និងកុមារ”។ ក្រុមគ្រូពេទ្យយោធារុស្ស៊ីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ប្រជាជន៕