ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩
ក្រសួងការបរទេសចិនលើកឡើងនៅថ្ងៃចន្ទនេះថា ក្រុងប៉េកាំងមានការសោកស្តាយចំពោះការសម្រេចចិត្តរបស់ប្រទេសអ៊ីរ៉ង់ក្នុងការបង្កើនកម្រិតចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមលើសពីការកំណត់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ពួកគេក៏រំលឹកឡើងវិញផងដែរថា ការប្រឈមមុខដាក់គ្នាត្រូវតែដោះស្រាយតាមផ្នែកការទូត។ អ្នកនាំពាក្យក្រសួង លោក Geng Shuang បញ្ជាក់ថា ប្រទេសចិនធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធពាក់ព័ន្ធឱ្យមានការអត់ធ្មត់។ អនុប្រធានាធិបតីអ៊ីរ៉ង់លោក Eshaq Jahangiri មានប្រសាសន៍នៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកមិនអនុញ្ញាតឱ្យប្រជាជនអ៊ីរ៉ង់ទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ទេ។ ទូរទស្សន៍អនឡាញ IRIB ដកស្រង់សម្តីរបស់ លោក Jahangiri ថា “សហរដ្ឋអាមេរិកមិនអនុញ្ញាតឱ្យប្រជាជនអ៊ីរ៉ង់ទទួលបានអត្ថប្រយោជន៍ពីការសម្រេចលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ ក្នុងអំឡុងពេលដែលពួកគេស្ថិតនៅក្នុងកិច្ចព្រមព្រៀងឬក្រោយពីការចាកចេញពីកិច្ចព្រមព្រៀងនោះ”៕